ដោយ៖ សុផារី
បន្ទាយមានជ័យ ៖ ប្រតិបត្តិករកាស៊ីណូ ASX-LISTED Donaco International Ltd បានបើកដំណើរការឡើងវិញទាំងស្រុងកាស៊ីណូ Star Vegas របស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្បែរព្រំដែនថៃ បន្ទាប់ពីមានការដកការរឹតបន្តឹងព្រំដែនរវាងកម្ពុជា និងថៃ។
យោងតាមឯកសាររបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា បានឱ្យដឹងថា Star Vegas Resort and Club នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។
ការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas នេះ គឺធ្វើឡើងនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបទបញ្ជារបិទទ្វារបណ្តោះអាសន្នគ្រប់កាស៊ីណូទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលរួមមានទីក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។
ក្រុមហ៊ុន Donaco បានបញ្ជាក់ថា រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបានលុបចោលការបិទបណ្តោះអាសន្ននៃប្រតិបត្តិការកាស៊ីណូ Star Vegas ក្នុងខេត្តបន្ទាយមានជ័យ។ចាប់តាំងពីពេលនោះមក កាស៊ីណូ Star Vegas បានដំណើរការលើមូលដ្ឋាន ដែលបានកំណត់ ដោយបម្រើសម្រាប់តែអតិថិជនក្នុងស្រុក ក្រោយមានការប្រកាសអំពីការរឹតបន្តឹងកូវីដ១៩ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ការបើកបន្តិចម្តងៗដល់ប្រតិបត្តិការពេញលេញ នឹងអាចឱ្យក្រុមហ៊ុន Donaco បន្តយុទ្ធសាស្រ្តគ្រប់គ្រងការចំណាយ ប្រកបដោយការប្រុងប្រយ័ត្ន ដែលវាបានអនុវត្តនៅគ្រប់ អាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។
លោក Porntat Amatavivadhana អភិបាលដែលមិនប្រតិបត្តិជាប្រចាំ របស់ក្រុមហ៊ុន Donaco International Ltd បានឱ្យដឹងថា ”យើងមានសេចក្តីសោមនស្សរីករាយ ដែលបានបើកដំណើរការ កាស៊ីណូ Star Vegas ឡើងវិញ និងការត្រឡប់ទៅរកប្រតិបត្តិការពេញលេញ បន្ទាប់ពីការរំខានរយៈពេលយូរដោយសាររតែការរីករាលដាលជំងឺកូវីដ”។
លោកបន្តថា ព្រំដែនកម្ពុជា-ថៃ ក៏បានបើកឡើងវិញផងដែរ ដែលជាធម្មតា ជាកន្លែងដែលអតិថិជនរបស់កាស៊ីណូStar Vegas ភាគច្រើនមានប្រភពមកពីប្រទេសថៃ៕