EUអំ​ពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីនាំចេញស្បៀងអាហារទៅកាន់ពិភពលោក

0

ដោយ៖ លាងហួរ

អឺរ៉ុប៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថាសហភាពអឺរ៉ុបកំពុងទទូចឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែនដើម្បីអាចនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន។

បើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២១ ខែមិថុនា បានឱ្យដឹងថា វិបត្តិអ៊ុយក្រែនកំពុងធ្វើឱ្យមានផលពិបាកយ៉ាងធ្ងន់ធ្ងរ ដល់ភាពអត់ឃ្លាន នៅក្នុងពិភពលោកទាំងមូល។

បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប  លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ របស់សហភាពអឺរ៉ុប បានប្រាប់សារព័ត៌មានមួយ ដោយលោកបានច្រានចោលការស្តីបន្ទោសរបស់រុស្ស៊ី ចំពោះស្ថានការណ៍លើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ថាជាព័ត៌មានមិនពិត។

លោកបានកត់សម្គាល់ថា ក្នុងអំឡុងកិច្ចប្រជុំ នៅប្រទេស Luxembourg រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានពិនិត្យមើលឡើងវិញនូវជំនួយយោធារបស់សហភាពអឺរ៉ុប ដែលអ៊ុយក្រែនកំពុងទទួលបាន និងជំនួយពីរដ្ឋសមាជិកនីមួយៗ។

លោកបានមានប្រសាសន៍ថា ប្រទេសជាសមាជិកទាំងអស់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងនឹងគាំទ្រជំនួយដល់អ៊ុយក្រែន ឱ្យបានយូរបំផុតតាមអាចធ្វើបាន។ ក្នុងពេលជាមួយគ្នានេះ យើងកំពុងស្នើសុំឱ្យមានបទឈប់បាញ់ ដែលអាចអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here