ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន BOOYOUNG GROUP ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបោះទុនបន្ថែម ពីលើវិស័យអប់រំ បន្ថែម ដោយការបង្កើតសាលាចំណេះដឹងទូទៅ វ៉ូជុង។
សាលាចំណេះទូទៅនេះ មានទីតាំងស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ក្នុងបរិវេណទីក្រុងរណប BOOYOUNG TOWN ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានអនុសាសន៍ នៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសាលា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ដោយមានប្រសាសន៍ថា លោកបណ្ឌិតពិតជាមានមោទកភាពចំពោះកម្ពុជា ដែលត្រូវបានទទួលបានការជឿទុកចិត្តពីក្រុមហ៊ុន BOOYOUNG GROUP ក្នុងការមកបណ្ដាក់ទុនវិនិយោគ។
លោកបណ្ឌិតថា “នេះជាកតាលីករជម្រុញសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្ពោះទៅមុខមួយកម្រិតទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។
សាលាចំណេះទូទៅ វ៉ូជុង កម្ពុជា ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដើម្បីបំពេញរាល់តម្រូវការចាំបាច់ ជូនដល់អតិថិជនរបស់ BOOYOUNG GROUP ដែលបានទិញលំនៅឋានរបស់ខ្លួន ក្នុងនោះរួមមាន អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលកីឡា និងគម្រោងអគារផ្សេងៗជាច្រើនទៀត។
លោកបណ្ឌិត លី ជុងគឿន អគ្គនាយកនៃក្រុមហ៊ុន BOOYOUNG GROUP បានឲ្យដឹងថា BOOYOUNG GROUP គឺជាក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ មកហើយទាក់ទងនឹងការអភិវឌ្ឍវិស័យសំណង់។ លោកបណ្ឌិតបញ្ជាក់ថា ការសាងសង់ទីក្រុងពាណិជ្ជកម្ម និងលំនៅឋាន ក៏ដូចជាសាលារៀននេះផ្ទាល់តែម្ដង គឺត្រូវបានសាងសង់ឡើងដោយការគិតគូរ ពីការការពារបរិស្ថានជាចម្បង ដើម្បីធ្វើយ៉ាងឆ្លើយតប ទៅនឹងការជឿទុកចិត្តរបស់អតិថិជន ក៏ដូចជាប្រជាជនទូទៅផងដែរ។
លោក ផាក ហ៊ឹងក្យ៉ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបានសាងសង់ឡើង នៅក្នុងបរិវេណទីក្រុងពាណិជ្ជកម្ម BOOYOUNG TOWN ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងជូនដល់សិស្សានុសិស្ស។
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា សាលាចំណេះទូទៅ មួយនេះនឹងក្លាយជាទីកន្លែង នៃបណ្ដុំការចែករំលែកចំណេះដឹង និងការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា និងកូរ៉េផងដែរ។
ក្រុមហ៊ុន BOOYOUNG GROUP ជាក្រុមហ៊ុនយក្សមួយ មានមូល ដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានវិនិយោគគម្រោងលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន នៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។ គម្រោងទីក្រុង BOOYOUNG TOWN ត្រូវបានបើកដំណើរការដ្ឋានរបស់ខ្លួន កាលពីឆ្នាំ២០១៣ ដែលបានបណ្ដាក់ទុនប្រមាណ១,១ពាន់លានដុល្លារ៕