ក្រុមហ៊ុនកូរ៉េ Hyundai គ្រោងសាងសង់រោងចក្រតម្លៃ ៥,៥ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

0

ដោយៈ សុខុម

ញូវយ៉ក: ក្រុមហ៊ុនលំដាប់យក្សកូរ៉េ Hyundai បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា រដ្ឋ Georgia នឹងក្លាយជាមូលដ្ឋានរោងចក្រផលិតរថយន្តអគ្គិសនី (EV) និងអាគុយទី១ របស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឱ្យដឹងថា ក្រុមហ៊ុន Hyundai គ្រោងនឹងបោះទុនវិនិយោគរហូតដល់ទៅជិត៥,៥ពាន់លានដុល្លារ លើការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយនៅសង្កាត់Bryan រដ្ឋ Georgia ដែលនឹងបង្កើតឱកាសការងារថ្មីចំនួន៨.១០០កន្លែង។

តាមការរំពឹងទុក រោងចក្រនេះ នឹងមានសមត្ថភាពផលិតរថយន្តអគ្គិសនីបាន៣០០.០០០គ្រឿងក្នុងមួយឆ្នាំ នៅពេលវាចាប់ផ្ដើមដំណើរការផលិតទ្រង់ទ្រាយធំនៅឆមាសទី១ ដើមឆ្នាំ២០២៥។ រោងចក្រនេះ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៣។

ក្រុមហ៊ុន Hyundai និយាយថា រោងចក្រនេះ នឹងត្រូវដាក់ឱ្យដំណើរការជាមួយនឹង “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយសេចក្ដីលម្អិតអំពីភាពជាដៃគូនេះ នឹងត្រូវបានប្រកាសនៅពេលក្រោយ។ ក្រុមហ៊ុននេះក៏នឹងប្រកាសតាមក្រោយផងដែរថា តើរថយន្តម៉ូដែលណាខ្លះ ដែលនឹងត្រូវផលិតនៅរោងចក្រនេះ។

ក្រុមហ៊ុន Hyundai បានចេញសេចក្តីថ្លែងការណ៍ថា “តាមរយៈរោងចក្រផលិតអាគុយនេះ ក្រុមហ៊ុន Hyandai Group ក៏មានបំណងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព និងកសាងប្រព័ន្ធអេកូឡូស៊ី EV ដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក ផងដែរ”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here