ទីបំផុតសហភាពអឺរ៉ុប ព្រមទទួលយកអ៊ុយក្រែនឱ្យចូលជាសមាជិក របស់ខ្លួនជាផ្លូវការហើយ

0

ដោយៈ សុខុម

គៀវ: ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskiy និយាយថា បេក្ខភាពផ្លូវការរបស់អ៊ុយក្រែន សម្រាប់ការចូលជាសមាជិករបស់សហភាពអឺរ៉ុប គឺជាការបោះជំហានទៅមុខ ដ៏ធំមួយឆ្ពោះទៅរកការពង្រឹងឥទ្ធិពលអឺរ៉ុប ក្នុងគ្រាដែលរុស្ស៊ីកំពុងសាកល្បងសេរីភាព និងសាមគ្គីភាពរបស់ខ្លួន។

គិតត្រឹមថ្ងៃសុក្រ ទី២៤ ខែមិថុនា នេះវាមានរយៈពេល៤ខែហើយចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងឆ្លងកាត់ព្រំដែន ដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលជាដើមហេតុបង្កឱ្យមានជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ ដោយធ្វើឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត រាប់លាននាក់រត់ចោលផ្ទះសម្បែង ហើយទីក្រុងជាច្រើនត្រូវបានបំផ្លាញខ្ទេចខ្ទី។

ទន្ទឹមនឹងនេះ ភ្លើងសង្គ្រាមឈ្លានពាននេះ ក៏បានបង្កឱ្យមានវិបត្តិថាម​ពល និងស្បៀងអាហារទូទាំងពិភពលោកផងដែរ។

បន្ទាប់ពីបរាជ័យ នៅក្នុងវាយដណ្ដើមកាន់កាប់រដ្ឋធានីគៀវ ដើម្បីប្រ​កា​សជ័យជម្នះភ្លាមៗ កងកម្លាំងរបស់បុរសខ្លាំង ពូទីន ពេលនេះបានងាកទៅផ្តោតលើការវាយដណ្ដើម កាន់កាប់ភាគខាងកើតរបស់អ៊ុយក្រែន។ សង្គ្រាមនេះគ្មានសញ្ញាថា នឹងបញ្ចប់នៅពេលណាឡើយ ហើយវានឹងរីករាលដាលកាន់តែធំឡើងៗនៅអឺរ៉ុប។

លោក Zelenskiy បានថ្លែងទៅកាន់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ថា ការសម្រេចចិត្តរបស់ពួកគេ ក្នុងការទទួលយកបេក្ខភាពរបស់រដ្ឋធានីគៀវ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន ចាប់តាំងពីខ្លួនបានបំបែកខ្លួនចេញពីសហភាពសូវៀត កាលពី៣១ឆ្នាំមុន។

លោកបានលើកឡើងថា “ប៉ុន្តែការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដើម្បីតែផលប្រយោជន៍ របស់អ៊ុយក្រែនមួយប៉ុណ្ណោះទេ វាគឺជាការបោះជំហានដ៏ធំបំផុតឆ្ពោះ ទៅរកការពង្រឹងឥទ្ធិពលអឺរ៉ុប ផងដែរនៅពេលនេះ ខណៈសង្រ្គាមរុស្ស៊ី កំពុងសាកល្បងសមត្ថភាពរបស់យើង ក្នុងការការពារសេរីភាព និងសាមគ្គីភាព”។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter បន្ទាប់ពីសេចក្ដីសម្រេចនេះថា “វាជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ”។ លោកបានបន្ថែមថា “អនាគតរបស់យើងគឺនៅជាមួយគ្នា រួបរួមគ្នា”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here