អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់កាន់តែច្រើនងាកទៅកាន់តំបន់ប៉ែក ខាងត្បូងឈៀងខាងលិច

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងត្បូង ឈៀងខាងលិចភ្នំពេញ ដែលសំដៅដល់តំបន់ព្រៃស នៃខណ្ឌដង្កោនាពេលបច្ចុប្បន្ននេះ ហាក់ទទួលបានការអភិវឌ្ឍទៅលើលំនៅឋានដែលមានតម្លៃខ្ពស់ រាប់ម៉ឺនដុល្លារអាមេរិកឡើងទៅហើយនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាជាច្រើនផងដែរ ។

តើអ្វីទៅជាសក្ដានុពលនិងជំរុញឱ្យតំបន់នេះ មានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ៗបែបនេះ។

លោកជា ស៊ីមុយប្រធានក្រុមផ្នែកលក់នៃបុរីភ្នំពេញថ្មី បាឱ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ទីតាំងនៃគម្រោងបុរីភ្នំពេញថ្មី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ពោលគឺនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ដែលតភ្ជាប់ពីផ្លូវ៦០ម៉ែត្រមកដល់តំបន់ទួលពង្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជន។ ជាក់ស្ដែងចាប់តាំងពីគម្រោងលំនៅឋានមួយនេះ បានសម្រេចការលក់របស់ខ្លួនជាង៣០ភាគរយហើយ ដោយអតិថិជនភាគច្រើនជ្រើសរើសយកលំនៅឋានពាណិជ្ជកម្មនៅជាប់ផ្លូវធំតែម្ដង ។

លោកបន្តថា “អ្វីដែលធ្វើឱ្យពលរដ្ឋ ក៏ដូចជា អ្នកអភិវឌ្ឍន៍លំនៅឋានចូលមកកាន់តំបន់នេះកាន់តែច្រើន ព្រោះមើលឃើញថាតំបន់នេះជាតំបន់ដែលមានការអភិវឌ្ឍថ្មីមួយ ដោយមានផ្លូវខ្វាត់ខ្វែង តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ លេខ៣”។ លោកបន្តថា “នៅជុំវិញតំបន់នេះដែរ ក៏មានសក្ដានុពលជាច្រើន ក្នុងនោះមានផ្សារទំនើប ព្រលានយន្តហោះអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនម៉ល៣ និងមានផ្សារទំនើបជាច្រើន នៅតាមបណ្ដោយផ្លូវវេងស្រេងជាដើម”។

ដោយសម្លឹងឃើញសក្តានុពលតំបន់នេះ អ្នកអភិវឌ្ឍន៍បុរីបុស្បាបាននិងកំពុងសាងសង់លំនៅដ្ឋានរបស់ខ្លួនយ៉ាងលឿនផងដែរ បន្ទាប់ពីទទួល​បានការគាំទ្រច្រើនពីអតិថិជន។

លំនៅដ្ឋានរបស់បុរីបុស្បាបាន និងកំពុងផ្តោតជាពិសេសលើគុណតម្លៃចំនួន៥ រួមមាន ទី១  គុណភាព និងសោភ័ណភាពសំណង់ ទី២ លំនៅដ្ឋានប្រណីតតែមានតម្លៃទាបជាងទីផ្សារ២០ទៅ៣០ភាគរយ ទី៣ ជាគំរោងលំនៅដ្ឋានផ្សារភ្ជាប់ជាមួយធម្មជាតិ និងការរស់នៅបែបសហគមន៍ ទី៤ ការរចនាសំណង់ធ្វើឡើងដោយស្ថាបត្យករជំនាញ ដែលផ្តោតលើលំនៅដ្ឋានបែបឆ្លាតវៃ និងទី៥ គ្រប់លំនៅដ្ឋានត្រូវបានគិតគូពីផាសុខភាព នៃការរស់នៅ ដោយមានពន្លឺ ខ្យល់ចេញចូលគ្រប់គ្រាន់ សមស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងផងដែរថា ខណ្ឌដង្កោជាខណ្ឌ មួយដែលមានការទាក់ទាញ លើគម្រោងអភិវឌ្ឍន៍លំនៅឋានច្រើន ជាងគេមួយក្នុងចំណោមតំបន់ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ កត្តាដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានចាប់អារម្មណ៍ និងបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ដោយសារតែតម្លៃនៅមានកម្រិតនៅឡើយ ហើយជាតំបន់ដែលភ្ជាប់ពីភ្នំពេញ ងាយស្រួ​លមានផ្លូវខ្វាត់ខ្វែង មានផ្សារទំនើប និងផ្លូវក្រវ៉ាត់ក្រុងច្រើន ។

អ្នកស្រីអាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើផងដែរថា ប៉ែកខាងត្បូងភ្នំពេញ ពិតជាមានសក្ដានុពលក្នុងការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ដោយមើលឃើញថាអ្នកវិនិយោគជាច្រើនបានអភិវឌ្ឍន៍ផ្សារទំនើប ហើយរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here