ដោយសុខុម
ព្រុចសែល: លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ថា អង្គការបក្សសម្ព័ន្ធយោធាមួយនេះនឹងបង្កើនចំនួនកងទ័ពរហូតដល់៣០០.០០០នាក់ឱ្យប្រុងជើងការខ្ពស់ជាមួយបណ្ដាសម្ព័ន្ធមិត្តដើម្បីអនុវត្តយុទ្ធសាស្រ្តថ្មី។
លោក Jens Stoltenberg បានចាត់ទុកក្រុងមូស្គូ ថាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់សហភាពអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែន អូសបន្លាយអស់រយៈពេល៤ខែមកនេះ ដែលគ្មានសញ្ញាថានឹងបញ្ចប់ពេលណា។
អគ្គលេខាធិការអង្គការ NATO រូបនេះបានថ្លែងក្នុងក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅថ្ងៃទី២៨-២៩ ខែមិថុនា ក្នុងក្រុងម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញ ថា “រុស្ស៊ី បានដើរចេញពីភាពជាដៃគូ និងកិច្ចចរចាដែល NATO បានព្យាយាមបង្កើតឡើងជាមួយរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ”។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ពួកគេបានជ្រើសរើសការប្រឈមមុខដាក់គ្នាជំនួសឱ្យការចរចា។ យើងសោកស្តាយចំពោះរឿងនោះ ប៉ុន្តែពិតណាស់ថា យើងត្រូវតែឆ្លើយតបទៅតាមស្ថានការណ៍ពិតជាក់ស្ដែងនោះ”។
លោក Jens Stoltenberg និយាយថា អង្គការ NATO នឹងបញ្ជាឱ្យកងកម្លាំងប្រតិកម្មរហ័សដែលមានស្រាប់របស់ខ្លួន ពោលគឺកងកម្លាំងឆ្លើយតបរបស់អង្គការ NATO ដែលមានទ័ពប្រមាណ៤០.០០០នាក់ត្រៀមប្រុងជើងការខ្ពស់ ហើយនឹងបង្កើនចំនួនទ័ពសរុបនេះឱ្យលើសពី៣០០.០០០នាក់”៕ Reuters៕