ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនMeijiរបស់ជប៉ុន ដែលជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខគេមួយ បាននិងកំពុងពង្រីកការលក់នៅកម្ពុជា ដើម្បីចាប់យកកំណើនតម្រូវការម្សៅទឹកដោះគោ ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ក្រុមហ៊ុនដាក់ផែនការលក់ឱ្យបាន១០ពាន់លានយ៉េន ឬជាង៧៤ លានដុល្លារនៅកម្ពុជាត្រឹមឆ្នាំ ២០៣០។
យោងតាមព័ត៌មានរបស់ Nikkie Asia បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Meiji បានដឹកជញ្ជូនផលិតផល ដែលបានវេចខ្ចប់មានប្រភពដើមពីជប៉ុនដោយផ្ទាល់ បាននាំមកកាន់ប្រទេសកម្ពុជា ក្នុងខែនេះ ដែលបន្ថែមស្លាកជាភាសាខ្មែរ ព្រមទាំងរួមបញ្ចូលព័ត៌មានសំខាន់ៗដូចជា ការណែនាំ និងកាលបរិច្ឆេទផុតកំណត់។
ផលិតផលផលិតឡើង សម្រាប់កុមាររហូតដល់អាយុ៣ ឆ្នាំនឹងមានតម្លៃចាប់ពី២៥-២៨ ដុល្លារ សម្រាប់ប្រអប់ចំណុះ៨០០ក្រាម ដែលជាតម្លៃខ្ពស់មួយសម្រាប់កម្ពុជា។
តំណាងក្រុមហ៊ុននេះ ត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា ក្រុមហ៊ុនកំពុងចាប់ផ្តើម ដំណើរការហាងលក់ផលិតផលទារក ក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Meiji នឹងត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុន Nestle ក្រុមហ៊ុន Danone របស់ប្រទេសបារាំង និងក្រុមហ៊ុន Abbott Laboratories ដែលមានមូលដ្ឋាននៅអាមេរិក ដែលក្រុមហ៊ុនទាំងអស់នេះ ផ្តល់ជូននូវផលិតផលប្រកួតប្រជែង នៅក្នុងប្រទេសកម្ពុជាក្នុងតម្លៃដូចគ្នា។ Asahi Group Holdings ជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេរបស់ជប៉ុន ក៏បានបង្ហាញម្សៅទឹកដោះគោយីហោទារក Wakodo នៅលើទីផ្សារនេះផងដែរ។
ផែនការពង្រីករបស់ក្រុមហ៊ុន Meiji បានធ្វើឡើងបន្ទាប់ពី Nestle ក៏គ្រោងនឹងវិនិយោគ ក្នុងប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃផលិតផលទឹកដោះគោក្នុងស្រុក៕