ដោយៈ សុខុម
គៀវ: ប្រទេសអ៊ុយក្រែន ត្រូវការរហូតដល់ទៅ៧៥០ពាន់លានដុល្លារអាមេរិក សម្រាប់ផែនការស្តារប្រទេសឡើងវិញជា៣ដំណាក់កាល បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ត្រូវបានបញ្ចប់។ នេះបើយោងតាមអ្វីដែលនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា។
នាយករដ្ឋមន្ត្រី Denys Shmygal ក៏បានថ្លែងទៅកាន់សន្និសីទស្តីពីការស្ដារប្រទេសអ៊ុយក្រែនឡើងវិញ (Ukraine Recovery Conference) ដែលរៀបចំដោយប្រទេសស្វីសថា ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅពេលនេះមានទំហំជាង១០០ពាន់លានដុល្លាររួចទៅហើយ។
លោកគូសបញ្ជាក់ថា “បច្ចុប្បន្ន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្ទាល់របស់អ៊ុយក្រែន មានទំហំជាង១០០ពាន់លានដុល្លារ។ តើអ្នកណានឹងរ៉ាប់រងការចំណាយ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ ដែលពេលនេះមានទំហំ៧៥០ពាន់លានដុល្លាររួចទៅហើយនោះ”?។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលអ៊ុយក្រែន យល់ថា ប្រភពហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ផែនការស្ដារប្រទេសឡើងវិញនេះ គឺគួរតែចេញពីទ្រព្យសម្បត្តិ ដែលរឹបអូសបានពីក្រុមមហាសេដ្ឋីរុស្ស៊ី។
លោកថ្លែងថា ផែនការស្តារប្រទេសអ៊ុយក្រែន ឡើងវិញមាន៣ដំណាក់កាលដូចជា ទី១ ផ្តោតលើការជួសជុលអ្វីៗ ដែលសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនដូចជាការផ្គត់ផ្គង់ទឹក ដែលកំពុងដំណើរការ ទី២ “ការស្តារឡើងវិញយ៉ាងឆាប់រហ័ស” ដែលនឹងត្រូវអនុវត្តន៍ភ្លាមៗ ក្រោយពីសង្គ្រាមបញ្ចប់ រួមមានទាំងលំនៅដ្ឋានបណ្តោះអាសន្ន មន្ទីរពេទ្យ និងសាលារៀនផងដែរ ហើយទី៣ គឺការស្ដារប្រទេសរយៈពេលវែង៕ Reuters៕