កត្តាសំខាន់ៗ ៤យ៉ាង ធ្វើឱ្យវិស័យដីធ្លីនៅកម្ពុជាមានភាពរឹងមាំ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ដីធ្លី​គឺជាប្រភេទអចលនទ្រព្យ ដែលទទួលបានការ​ពេញនិយម​វិនិយោគ​ខ្លាំង ដោយសន្ទុះនៃវិស័យមួយនេះមានការរីកចម្រើន និងមានភាពរឹងមាំខ្លាំង ទោះបីប្រឈមនឹងវិបត្តិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ថា វិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្ពស់ ដោយសារការជំរុញពីកត្តាសំខាន់ចំនួន៤ រួមមាន ដង់ស៊ីតេប្រជាជន កំណើនសេដ្ឋកិច្ច ស្ថានភាពនយោបាយ និងលំហូរវិនិយោគិនបរទេស។

អ្នកជំនាញជើងចាស់រូបនេះបានមានប្រសាសន៍ថា កត្តាទី១ គឺ ដង់ស៊ីតេប្រជាជនកម្ពុជា ក្នុងចំណោមប្រជាជនកម្ពុជា១៧លាននាក់ មានប្រជាជនវ័យក្មេងជាង៤៤ឆ្នាំ ចំនួន៦៨ទៅ៧០ភាគរយទៅហើយ ដែលជំរុញឱ្យមានតម្រូវការនៃការសាងសង់។

លោកបណ្ឌិតបញ្ជាក់ថា “ប្រជាជនវ័យក្រោម៤៤ឆ្នាំ ជាវ័យមួយ ដែលរៀបការ មានប្តី មានប្រពន្ធ និងមានតម្រូវការលំនៅឋាន ត្រូវការដីសាងសង់ផ្ទះ”។

កត្តាទី២ គឺ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដែលមានភាពរឹងមាំ រីកចម្រើន និងបានកែប្រែកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ហើយបានជំរុញឱ្យដីធ្លីមានការកើនឡើងខ្ពស់។

លោកបណ្ឌិតថា “សេដ្ឋកិច្ចរបស់កម្ពុជា រយៈពេល២០ឆ្នាំជាងហើយស្ថិតនៅកម្រិត៧ភាគរយ។ នៅពេលសេដ្ឋកិច្ចរីកចម្រើន កែប្រែកម្ពុជាជាប្រទេសតតិយលោក ហើយយើងនឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យម និងប្រទេសអ្នកមានឆាប់ៗនេះ”។

កត្តាទី៣ គឺកត្តានយោបាយ ដែលមានស្ថិរភាពនិងសន្តិសុខ នឹងជំរុញឱ្យស្ថានភាពសេដ្ឋកិច្ចមានការរីកចម្រើនផងដែរ ហើយក៏ទាញឱ្យវិស័យដីធ្លីរីកចម្រើន។

លោកបណ្ឌិតបន្តថា “យើងត្រូវទទួលស្គាល់ការពិតថា នយោបាយកម្ពុជាមានលំនឹងណាស់។ […] នៅពេលមួយ ដែលប្រទេសមានសង្គ្រាម មិនដឹងរកស៊ីអ្វីទេ។ នៅពេលយើងមានសន្តិភាព សុវត្ថិភាព នោះហើយធ្វើឲ្យដីធ្លី និងសេដ្ឋកិច្ចរីកចម្រើន”។

កត្តាទី៤ គឺលំហូរចូលនៃវិនិយោគិនបរទេស ដែលអំណោយផលដោយដង់ស៊ីតេប្រជាជនកម្ពុជា ភាពរួសរាយរាក់ទាក់ ការប្រើប្រាស់ភាសាបរទេស កត្តាអំណោយផលអាកាសធាតុ ជាដើម។

លោកបណ្ឌិតមានប្រសាសន៍ថា “ហេតុផលដែលបរទេសមកច្រើន ដោយសារដង់ស៊ីតេប្រជាជន សេដ្ឋកិច្ចរីកចម្រើនខ្លាំង ស្ថានភាពនយោបាយ ហើយប្រជាជនកម្ពុជាបើកបេះដូងចំហរ រួសរាន់រាក់ទាក់ ជួយយកអាសា រៀនភាសាគេគ្រប់យ៉ាង យើងមិនដែលមានគ្រោះធម្មជាតិធំទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here