ប្រទេសចិនផ្តល់ថវិកាជាង៦១០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រយៈពេល២ឆ្នាំ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសចិន តាមរយៈកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល២ឆ្នាំ (២០២០-២០២២) បានផ្តល់ថវិកាជាង៦១០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងនោះ ឥណទានសម្បទាន ប្រមាណជាង៤៣២លានដុល្លារ និងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ចំនួន១៧៧,៨៤លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពផ្សេងទៀត។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេល២ឆ្នាំបន្តទៀត (ឆ្នាំ២០២២-២០២៤)។

កម្មវិធីនេះមានការចូលរួមពី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធានខាងភាគីចិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានសម្រេចលើ ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និង ក្របខណ្ឌឥណទានសម្បទានសរុបចំនួន១៣គម្រោង។


ក្នុងក្របខណ្ឌក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ភាគីមិត្តចិនបានផ្តល់ចំនួន២,៧០០លានយ័ន (ប្រមាណ១៧៧,៨៤លានដុល្លារអាមេរិក) ដោយសម្រេចលើបញ្ជីគម្រោងជាអាទិភាព សម្រាប់ការអភិវឌ្ឍផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដូចជា (១) គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៧ (២) ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ (៣) គម្រោងកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ជំហានទី២ (៤) គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹក ជំហានទី៣ (៥) ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។

ក្នុងក្របខណ្ឌឥណទានសម្បទាន លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល ២ឆ្នាំ (2020-2022) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមាណជាង៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្រ្ត សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាព ចំនួន៨ គឺ (១) គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (២) គម្រោងសាងសង់ស្ពានមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ (៣) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (៤) គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (៥) គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ (៦) គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា (៧) គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+100-វាលរេញ) (៨)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here