សម្តេចតេជោស្នើបង់ក្លាដេសវិនិយោគឃ្លាំងម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងនាំចេញ

0

ដោយៈ សុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បង្ហាញនូវគោលបំណង ចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

នេះបើយោងតាមការអះអាងរបស់លោកបណ្ឌិត A.K. Abdul Momen រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងឱកាសចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោបានស្នើ និងលើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន។

លោក A.K. Abdul Momen បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ លោកបានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជាជាពិសេ​ស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក A.K. Abdul Momen ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here