ដោយ: លាងហួរ
ជប៉ុន: តូក្យូក្លាយបានជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលមានការចំណាយខ្ពស់បំផុតលំដាប់ទី៩ ក្នុងពិភពលោក សម្រាប់អ្នកធ្វើការនៅបរទេសក្នុងឆ្នាំ ២០២២។
ការឡើងថ្លៃនេះ មួយផ្នែកដោយសារតែការចុះខ្សោយ នៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ នេះបើយោងតាមការស្ទង់មតិតម្លៃរស់នៅប្រចាំឆ្នាំ ដោយក្រុមហ៊ុនប្រឹក្សាយោបល់សហរដ្ឋអាមេរិក។
ការស្ទង់មតិតម្លៃនៃការរស់នៅរបស់ Mercer កើតឡើងដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ និងផលវិបាកនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អត្រាប្តូរប្រាក់ខុសគ្នា និងការកើនឡើងតម្លៃបានធ្វើឱ្យមានការប៉ះទង្គិចលើប្រាក់ឈ្នួល និងការសន្សំនៅទូទាំងពិភពលោក។
ចំណែកទីក្រុងហុងកុង បានឈរនៅលើកំពូលតារាង នៃទីក្រុងដែលមានការចំណាយថ្លៃបំផុតនៅលើពិភពលោក ដែលជាការវិលត្រលប់មកវិញ ក្រោយពីរដ្ឋធានី Ashgabat របស់ប្រទេស Turkmenistanជាប់ជាទីក្រុងមានតម្លៃរស់នៅថ្លៃបំផុតក្នុងឆ្នាំ២០២១។
ហុងកុង ត្រូវ បាន គេ ដាក់ ឈ្មោះ ជា ទីក្រុង ថ្លៃ បំផុត បី ឆ្នាំ ជាប់ គ្នា រហូត ដល់ ឆ្នាំ២០២០។
កាលពីសប្តាហ៍មុន ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះ ដល់កម្រិត១៣៩ធៀបនឹងប្រាក់ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២៤ឆ្នាំ។
ការស្ទង់មតិរបស់ធនាគារជប៉ុន ដែលបានចេញផ្សាយនៅថ្ងៃទី៦ខែកក្កដា ក៏បានបង្ហាញពីអ្នកប្រើប្រាស់ជប៉ុនជិត៩០ភាគរយ មានអារម្មណ៍ថាតម្លៃបានកើនឡើងក្នុងឆ្នាំចុងក្រោយ ដែលជាសមាមាត្រខ្ពស់បំផុត៕