ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានអភិវឌ្ឍខេត្តព្រះសីហនុបានល្អស្អាត ដើម្បីទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងនិងបណ្តាក់ទុនកាន់តែច្រើនឡើង ដើម្បីឱ្យខេត្តមួយនេះកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។
លោកបានលើកឡើងដូច្នេះ ក្នុងឱកាសទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ រួមមាន អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១មានសមត្ថភាពចម្រោះទឹកបាន៥.២០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២មានសមត្ថភាពចំរោះទឹកកខ្វក់បាន៧.២០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលបាននឹងកំពុងដាក់ឱ្យដំណើរការ និងពិនិត្យសកម្មភាពសាងសង់ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពចម្រោះទឹក ២ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ។
លោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ សួនច្បារឆ្នេរសាធារណៈ ក៏ដូចជាបន្ទប់អនាម័យបានល្អស្អាត បម្រើឱ្យការអភិវឌ្ឍរបស់ខេត្ត និងទាក់ទាញវិស័យទេសចរណ៍ អ្នកវិនិយោគមកបណ្ដាក់ទុន នៅក្នុងក្រុងនៃខេត្តព្រះសីហនុបន្ថែមទៀត។
លោក KURIBAYASHI Takanori បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានខិតខំយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុបានល្អស្អាត ក្នុងការទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង និងបណ្តាក់ទុនកាន់តែច្រើនឡើង ដើម្បីឱ្យខេត្តមួយនេះកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ ជាក់ស្ដែង បច្ចុប្បន្នមានផ្លូវល្អធំទូលាយ សំណង់អាគារខ្ពស់ៗ បាននិងកំពុងរីកស្គុះស្គាយ និងបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ក្រោយពីទស្សនកិច្ចលោកនឹងពាំនាំនូវបញ្ហាប្រឈមនានារបស់ខេត្ត ដែលមានជូនរាជរដ្ឋាភិបាល នៃប្រទេសជប៉ុនជួយបន្ថែម ដើម្បីរឹតចំណងមិត្តភាពសាមគ្គីប្រទេសទាំងពីរ ឱ្យកាន់តែល្អជិតស្និទ្ធថែមទៀតផងដែរ៕