ដោយ៖ សហការី
ស្រីលង្កា ៖ ប្រទេសស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅមិនធ្លាប់មានពីមុនមក បង្កឱ្យមានការតវ៉ាដ៏ធំនៅទូទាំងប្រទេស។ ក្នុងនោះ យើងបានឃើញប្រធានាធិបតីប្រទេសនេះ លាលែងពីតំណែង បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកំណើតរបស់ខ្លួន។ ប៉ុន្តែបណ្តាប្រទេសមានកម្រិតបំណុលខ្ពស់ផ្សេងទៀត ក៏អាចប្រឈមមុខនឹងបញ្ហាស្រដៀងនឹងករណីប្រទេសស្រីលង្កាផងដែរ។
នេះបើយោងតាមសារព្រមានរបស់ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF។
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រង IMF បានលើកឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ថា បណ្តាប្រទេសមានកម្រិតបំណុលខ្ពស់ និងទំហំគោលនយោបាយមានដែនកំណត់នឹងប្រឈមមុខនឹងបញ្ហាបន្ថែម ដោយមើលទៅមិនឆ្ងាយជាងប្រទេសស្រីលង្កា ដែលជាសញ្ញាព្រមាននោះទេ។
លោកស្រីបន្តថា ប្រទេសកំពុងអភិវឌ្ឍន៍ក៏បានជួបប្រទះនឹងលំហូរចេញនៃមូលធនប្រកបដោយនិរន្តរភាពសម្រាប់រយៈពេល៤ខែជាប់ៗគ្នា។ ដែលធ្វើឱ្យសុបិនក្នុងការតាមទាន់បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនរបស់ពួកគេ ស្ថិតនៅចំណុចហានិភ័យ។
ស្រីលង្កាកំពុងតស៊ូក្នុងការចំណាយ លើការនាំចូលសំខាន់ៗ ដូចជា អាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យសម្រាប់ប្រជាជនប្រមាណ២២លាននាក់របស់ខ្លួន។ ខណៈដែលប្រទេសនេះ ក៏កំពុងទប់ទល់នឹងវិបត្តិរូបិយប័ណ្ណបរទេស។ ដែលនាំឱ្យអតិផរណាកើនឡើងប្រហែល៥០% ជាមួយនឹងតម្លៃម្ហូបអាហារ ៨០% ខ្ពស់ជាងឆ្នាំមុន។
ប្រាក់រូពីស្រីលង្កាបានធ្លាក់ចុះតម្លៃធៀបនឹងប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណសកលសំខាន់ៗផ្សេងទៀតនៅឆ្នាំនេះ។ ចំពេលគ្រប់គ្នាបានស្តីបន្ទោសអតីតប្រធានាធិបតី Gotabaya Rajapaksa ចំពោះគោលនយោបាយចាត់ចែងសេដ្ឋកិច្ចមិនត្រឹមត្រូវ។
ស្របពេលនៅរយៈពេលច្រើនឆ្នាំមកនេះ ស្រីលង្កាបានបង្កើតបំណុលដ៏ច្រើនគួរឱ្យកត់សម្គាល់។ ខណៈដែលកាលពីខែមុន ប្រទេសនេះ បានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដែលគ្មានលទ្ធភាពសងបំណុលបរទេស។ ហើយក្រុមមន្ត្រីបាននឹងកំពុងចរចាជាមួយ IMF សម្រាប់ជំនួយសង្គ្រោះប្រមាណ៣ពាន់លានដុល្លារ។ ប៉ុន្តែការចរចាទាំងនោះបច្ចុប្បន្នត្រូវជាប់គាំង ចំពេលមានភាពចលាចលផ្នែកនយោបាយ៕