អ្នកជំនាញសេដ្ឋកិច្ចបង្ហាញកត្តាជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពរឹងមាំនិងមានភាពធន់ខ្ពស់

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ ទោះប្រឈមឥទ្ធិពលកូវីដ-១៩ក្តី វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ នៅបន្តទទួលបានការវិនិយោគ និងមានភាពរីកចម្រើន។ អ្នកជំនាញលើកឡើងថា ការរីកចម្រើននេះអាស្រ័យដោយកត្តាសំខាន់ៗចំនួនពីរ។

 

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យមានភាពរីកចម្រើននិងរឹងមាំ អាស្រ័យដោយកត្តាការវិនិយោគនៅក្នុងប្រទេសផ្ទាល់ និងការវិនិយោគរបស់បរទេសចូលមកកាន់កម្ពុជា។

 

សម្រាប់កត្តាផ្ទៃក្នុង លោកបណ្ឌិតលើកឡើងថា វិស័យមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការរីកចម្រើន នៃវិស័យអាទិភាពសំខាន់ៗផ្សេងៗទៀត រួមមាន វិស័យទេសចរណ៍ ពាណិជ្ជកម្ម ជាដើម។ លោកបណ្ឌិតថា “វិស័យអចលនទ្រព្យ គឺជាវិស័យមួយ ដែលមិនមែនដើរដោយខ្លួនឯងទេ ជាទូទៅកម្រើកបានដោយសារវិស័យផ្សេងទៀត ដែលមានការរីកចម្រើន ទើបជំរុញឱ្យវិស័យនេះមានការកម្រើកទាំងអស់”។

លោកបណ្ឌិតបានបន្តថា “ប៉ុន្តែប្រសិនបើវិស័យផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យឧស្សាហកម្ម មិនមានសកម្មភាពខ្លាំង នោះវិស័យអចលនទ្រព្យមិនសូវកម្រើកខ្លាំងនោះទេ គ្រាន់តែកម្រើកទៅតាមតំបន់ តាមកន្លែង ដែលមានតម្រូវការជាក់លាក់ និងសម្រាប់តែអ្នកមានលទ្ធភាព និងមិនច្រើនភាគរយនោះទេ”។

 

ជាមួយគ្នានេះ ស្របពេលមានវិបត្តិ អ្នកវិនិយោគខ្លះបានឆ្លៀតឱកាសប្រមូលទិញដីធ្លី ខណៈមានចំនួនការលក់ចេញច្រើនរបស់អ្នកលក់ ដើម្បីបង្វិលលំហូរសាច់ប្រាក់ ឬយកថវិកាប្រើប្រាស់។  ប្រជាជននៅតាមបណ្តាខេត្តនានាក៏មានចំណាប់អារម្មណ៍វិនិយោគលើអចលនទ្រព្យនៅតាមទីប្រជុំជននានាផងដែរ។ ប្រជាពលរដ្ឋខ្លះទៀត ចេញធ្វើការងារ ឬទើបរៀបការថ្មី ក៏ចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ ដូចជា ដីឡូត៍ ផ្ទះល្វែង ។ល។ ដែលធ្វើមានចរន្តសេដ្ឋកិច្ច។

លោកបណ្ឌិតបញ្ជាក់ថា “ចរន្តនៅក្នុងស្រុក វិនិយោគិនមួយចំនួនមិនចង់ទុកលុយនៅក្នុងផ្ទះ គាត់បានបញ្ចេញលុយរបស់ទិញដីទុក ដើម្បីចំណេញ។ នេះហើយដែលធ្វើឱ្យមានភាពរឹងមាំក្នុងវិស័យអចលនទ្រព្យ”។

 

ចំណុចមួយទៀត លោកបណ្ឌិតអះអាងថា វិនិយោគិនបរទេស មើលឃើញជារួមថា ប្រទេសកម្ពុជាជាប្រទេសមានស្ថានភាពលក្ខខណ្ឌនយោបាយល្អ សេដ្ឋកិច្ចល្អ លក្ខខណ្ឌភូមិសាស្ត្រល្អ មានដីជីវជាតិល្អ រួមទាំងវប្បធម៌ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឱ្យមានភាពទាក់ទាញ។

 

លោកបណ្ឌិតថា “ការវិនិយោគពីបរទេសបានចាក់ចូលក្នុងវិស័យផ្សេងៗ នៃសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យវិស័យអចលនទ្រព្យ វិស័យសំណង់ វិស័យធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ។ល។ បានជ្រាបចូលក្នុងសេដ្ឋកិច្ចសង្គម”។

 

ជារួម លោកបណ្ឌិតលើកឡើងថា វិស័យអចលនទ្រព្យមានការរីកចម្រើនអាស្រ័យការគួបផ្សំរវាងចរន្តវិនិយោគលើវិស័យនានា ទាំងចរន្តវិនិយោគផ្ទៃក្នុង និងលំហូរវិនិយោគពីក្រៅប្រទេសផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here