សុខុម
ប៉េកាំង: សហភាពអឺរ៉ុប និងមហាយក្សចិន នឹងបើកកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់មួយ នៅថ្ងៃអង្គារ ទី១៩ ខែកក្កដានេះ ស្របពេលភាពតានតឹងកំពុងឡើងកម្ដៅលើបញ្ហាមួយចំនួន រួមទាំងសង្រ្គាមនៅអ៊ុយក្រែន បញ្ហានៅតំបន់ស៊ីនជាំង និងកិច្ចព្រមព្រៀងវិនិយោគ ដែលមិនទាន់បានអនុម័តនៅឡើយផងដែរ។
លោក Valdis Dombrovskis អនុប្រធាននាយកប្រតិបត្តិ នៃគណៈកម្មការសហភាពអឺរ៉ុប (EU Commission) បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាកទំនងសង្គម Twitter របស់លោក កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដាថា “កិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់ #EUChina លើកទី៩ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកថ្ងៃទី១៩ ខែកក្កដា”។
លោកបានលើកឡើងបន្ថែមទៀតថា “ខ្ញុំទន្ទឹងរង់ចាំធ្វើជាសហប្រធានក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមគ្នាជាមួយឧបនាយករដ្ឋមន្ត្រីចិន Liu He”។
ប្រភពការទូតលោកខាងលិច បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចចរចានេះនឹងធ្វើឡើងតាម Video Conference នាពេលរសៀលម៉ោង នៅក្រុងប៉េកាំង ថ្ងៃអង្គារ ទី១៩ ខែកក្កដានេះ។
ជុំចុងក្រោយ នៃការចរចាបែបនេះត្រូវបានធ្វើឡើង កាលពីខែកក្កដា ឆ្នាំ២០២០ ហើយក៏ត្រូវបានដឹកនាំដោយលោក Valdis Dombrovskis និងលោក Liu He ដូចគ្នាដែរ៕