ក្រចេះទទួលបានគម្រោងវិនិយោគជាង ៨០លានដុល្លារអាមេរិក លើគម្រោងផលិតបន្ទះសូឡា

0

ដោយៈ វឌ្ឍនៈ

ក្រចេះ បណ្ដាខេត្តនានា ដែលនៅដាច់ឆ្ងាយពីភ្នំពេញ ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ លើការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធ នានាតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តនោះ និងបណ្ដាខេត្តមួយទៅកាន់ខេត្តមួយ។

ជាក់ស្ដែងក្រចេះ ទទួលបានគម្រោងវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក ដើម្បីសង់រោងចក្រផលិតបន្ទះសូឡា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន L-Q New Energy CO., LTD បង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ជាមួយទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់ ។

តាមរយៈគម្រោងវិនិយោគនេះបានសបញ្ជាក់ថា ខេត្តដែលមិនសូវមានសក្ដានុពល ក្នុងការទាក់ទាញវិនិយោគ ក៏ចាប់ផ្ដើមមានការចាប់អារម្ម​ណ៍ខ្លាំងទៅលើការវិនិយោគនានា ហើយខេត្តមួយនេះ ដើមឡើយឬប៉ុន្មានឆ្នាំមុន វាគ្រាន់តែតំបន់ដែលមានសក្ដានុពលខ្លាំង ទៅលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម តែពេលនេះវិញបានប្តូរសក្ដានុពលក្នុងការវិនិយោគ ។

លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅតាមបណ្ដាខេត្តឬតំបន់ដាច់ស្រយាល និងតំបន់មូលដ្ឋានតាមបណ្ដាខេត្ត នឹងទាក់ទាញបញ្ញាវ័ន្ត អ្នកចេះដឹង និងអ្នកវិនិយោគទៅកាន់តំបន់នោះកាន់តែច្រើន ហើយនឹងធ្វើឱ្យតំបន់ ដែលមិនសូវមានការទាក់ទាញ ក្លាយជាតំបន់ដែលមានការអភិវឌ្ឍ និងទាក់ទាញកាន់តែខ្លាំងបន្ថែម ។

លោកបន្តថា “តាមពិតទៅតាមបណ្ដាខេត្តនានា សុទ្ធតែមានសក្ដានុពលទៅលើវិស័យដីធ្លី វាគ្រាន់តែមានសកក្ដានុពល ទៅតាមតំបន់និងខេត្តនីមួយៗប៉ុណ្ណោះ”។ លោកបន្តថា “ម្យ៉ាងទៀតបើសិនជាយើងចូលរួមក្នុងការអភិវឌ្ឍទាំងអស់គ្នា បណ្ដាខេត្តនឹងកាន់តែមានសក្ដានុពល កាន់តែខ្លាំង នាពេលអនាគត។

សម្ដេចអគ្គមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នាពេលកន្លងមក ដោយជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យ និងសិក្សាសាងសង់ផ្លូវ ទៅកាន់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើន ដើម្បីជំរុញការវិនិយោគនៅតាមខេត្តជាប់ព្រំដែន រួចផលិតនិងនាំចេញទៅកាន់ក្រៅប្រទេសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here