ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមនុស្សមានឥទ្ឋិពលខ្លាំងក្នុងពិភពជំនួញធំៗនៅកម្ពុជា លោកឧកញ៉ាពុង ឃាវសែជាបុគ្គលជោគជ័យបំផុត ក្នុងមុខជំនួញនៅកម្ពុជា ដោយលោកមានក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុមិនតិចជាង១០នៅក្នុងដៃឡើយ។
លោកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុន OCIC និងជាប្រធានធនាគាកាណាឌីយ៉ា និងក្រុមហ៊ុនជាច្រើនទៀតបានថ្លែងឲ្យគេហទំព័រមួយ ដឹងកាលពីពេលថ្មីៗនេះថា លោកតែងតែគោរពគោលការណ៍បីចំណុចនោះ ក្នុងមុខជំនួញរបស់លោក ដើម្បីសម្រេចបានជោគជ័យ ដូចជា ទី១ ភាពស្មោះត្រង់ជាមួយនឹងអតិថិជន ជាមួយដៃគូវិនិយោគធ្វើឲ្យគេជឿជាក់លើយើង មិនបោកប្រាស់គេ ទី២ ភាពអំណត់ឧស្សាហ៍ព្យាយាមក្នុងការងារ និងទី៣ត្រូវចេះច្នៃប្រឌិតចាប់យកឱកាសល្អៗដើម្បីវិនិយោគ។
ទោះជាយ៉ាងណាលោកឧកញ៉ា ក៏បានត្អូញត្អែរពីភាពលំបាក ក្នុងភាពជាអ្នកមានស្តុកស្តម្ភរបស់លោកផងដែរថា “ធ្វើជាអ្នកមានមិនមែនស្រួលដូចការគិតនោះទេ។ ធ្វើការគ្មានពេលសម្រាកទេ កុំថាឡើយ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះ មិនថាយប់ មិនថាថ្ងៃ។
លោកបន្តថា “សព្វថ្ងៃខ្ញុំប្រឹងណាស់ ហត់ណាស់ ប៉ុន្តែកូនខ្ញុំគេមិនសរសើរទេ ព្រោះឪវាធ្វើការនឿយពេក។ធ្វើជាថៅកែគេ មេដឹកនាំគេ ត្រូវតែធ្វើជាគំរូល្អដល់ពួកគេ។លោកបន្តថា “ខ្ញុំមានសម្ពាយរបស់ខ្ញុំធ្ងន់ណាស់ ព្រោះត្រូវចិញ្ចឹមបុគ្គលិកខ្ញុំជាង១៤.០០០នាក់ និងសម្រាប់អភិវឌ្ឍប្រទេសជាតិខ្ញុំ”៕