ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកអូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។
លោកបានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនកាលពីថ្ងៃទី២០ កក្កដាកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA)របស់មិត្តជប៉ុន ជាធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាលកម្ពុជា”។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានកោតសសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជាតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានកំពង់ផែសមុទ្រអន្តជាតិ ផ្លូវថ្នល់-ស្ពាន អគ្គិសនី ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបន្តថា “ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា”។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាល ដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
ជាមួយគ្នានេះ លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩។
លោកHATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕