ផ្លូវជាតិលេខ១០ឆ្លងកាត់ជ្រលងភ្នំ និងព្រៃក្រាស់កំពុងសម្រុកសាងសង់ ប៉ុន្តែប្រឈមបញ្ហាមួយ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផ្លូវជាតិលេខ១០ បាននិងកំពុងសម្រេចបានវឌ្ឍនភាព ជាមួ​យនឹងការសាងសង់ ដែលប្រឈមបញ្ហាមួយចំនួន ដោយសារផ្លូវនេះត្រូវឆ្លងកាត់ជ្រលងភ្នំ និងព្រៃក្រាស់ៗ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពី​រសៀលថ្ងៃទី២៦ កក្កដាថា ការសាងសង់ផ្លូវដ៏សំខាន់នេះ បាននិងកំពុងសម្រេចបានប្រមាណ៧០ភាគរយហើយ ប៉ុន្តែការដ្ឋានបាននិងកំពុងប្រឈ​ម​ការលំបាក ដោយសារធ្លាក់ភ្លៀងខ្លាំងធ្វើឲ្យមានការរអិលបាក់ដី រំខានដល់​ការសាងសង់មួយចំនួន។

លោកបន្តថា “ផ្លូវនេះមានទេសភាពស្អាត មិនចាញ់ផ្លូវជាតិលេ៥៥ឡើយ និងមានស្ថានភាពផ្លូវ ស្រដៀងគ្នានឹងផ្លូវជាតិលេខ៥៥ ទៅកាន់ស្រុកវាលវែង”។ លោកបន្តថា “ស្ថានភាពផ្លូវនេះ មានការប្រឈមការរអិលបាក់ដីដូចគ្នានឹងផ្លូវជាតិលេខ៥៥ផងដែរ ដោយសារផ្លូវនេះមានភ្នំ ជ្រលងភ្នំ និងឆ្លងកាត់ព្រៃក្រាស់ៗណាស់”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ប្រសិនជាធ្វើដំណើរផ្លូវនេះនៅរដូវ​វស្សា ស្ថានភាពអាកាសថាតុមានភាពមនោរម្យណាស់ ពិសេសទេសភាព ពោរពេញដោយភាពស្រស់បំព្រង គួរជាទីគយគន់ ដែលវាអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍មួយនាពេលអនាគត។

ផ្លូវជាតិលេខ១០ ជាផ្លូវប្រវត្តិសាស្រ្តមួយ ដែលតភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យមកកាន់តំបន់ឆ្នេរជាលើកដំបូង ដោយផ្លូវនេះបានចាកចេញពីស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តពោធិសាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួង​សាធារណៈការ និងដឹកជញ្ជូនបានស្នើសុំថវិកា ពីសម្តេចតេជោ៦០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់ផ្លូវនេះវាងជួរភ្នំក្រវ៉ាញ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ការសាងសង់ផ្លូវនេះមិនត្រឹមតែជួយ​សម្រួលដល់ការធ្វើចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែក លើការធ្វើពាណិជ្ជកម្មជាមួយប្រទេ​សជិតខាង និងជួយសម្រួលការដឹកជញ្ជូនកសិផល ដែលសម្បូរខ្លាំងនៅភូមិ ភាគពាយ័ព្យប្រទេស មកកាន់កំពង់ផែទឹកជ្រៅ នៅក្នុងខេត្តកោះកុងដើម្បីនាំចេញទៅកាន់ប្រទេសទី៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here