ខេត្តចំនួនពីរទាក់ទាញទុនវិនិយោគចំនួនជាង១៤លានដុល្លារអាមេរិក

0

ដោយ៖ សុផារី

កណ្តាលៈ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២បន្ថែមទៀត ដែលសរុបទុនវិនិយោគចំនួន១៤,៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនពាន់កន្លែង។

អ្នកជំនាញបានឱ្យដឹងថា តាមរយៈគម្រោងវិនិយោគទាំងនេះ នឹងនាំមកនូវលំហូរនៃទុនវិនិយោគ មកពីគ្រប់ជាតិសាសន៍ បានចាក់ចូលមកក្នុងសេដ្ឋកិច្ចកម្ពុជា និងជំរុញឱ្យកម្ពុជារីកចម្រើនបន្ថែមទៀត។

យោងតាមការប្រកាសផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងពីរនោះ ជាគម្រោងរោងចក្រឧស្សាហកម្ម និងកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅក្នុងខេត្តសក្តានុពលចំនួនពីរ គឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន ដែលទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ  មានដូចជា ទី១.ក្រុមហ៊ុន MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៤១៤កន្លែង។

២. ក្រុមហ៊ុន BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.២៣៦កន្លែង។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៥ កក្កដាកន្លងមកថា ប្រទេសកម្ពុជា ជាប្រទេសដែលបើកចំហរស្វាគមន៍ អ្នកវិនិយោគពីគ្រប់ជាតិសាសន៍ មិនត្រឹមតែជនជាតិចិន កូរ៉េ និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែទាក់ទាញការវិនិយោគពីគ្រប់ជាតិសាសន៍។

លោកបន្តថា “លំហូរនៃទុនវិនិយោគមកពីគ្រប់ ជាតិសាសន៍នេះហើយនឹងជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចម្រើនបន្ថែមមួយកម្រិតទៀត”។លោកឱ្យដឹងទៀតថា “ប្រសិនបើប្រទេសកម្ពុជា ទទួលបានវិនិយោគិនច្រើន ចូលមកប្រកបរបរនៅក្នុងប្រទេសយើង នោះគាត់នឹងនាំទុនវិនិយោគច្រើន ដែលនឹងធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើនឡើង។ គួបផ្សំនឹងនេះផងដែរ យើងក៏មានអ្នកវិនិយោគក្នុងប្រទេសយើង ដែលមានទុនគួរសមផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here