ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំណត់អត្តសញ្ញាណមីកញ្ចប់ និងការ៉េម៣ ប្រភេទ ដែលមានប្រភព ដើមពីប្រទេសថៃ វៀតណាម និងបារាំង ដោយដាក់ការសង្ស័យថា ផ្ទុកសារធាតុអេទីឡែនអុកស៊ីត ដែលបង្កហានិភ័យជាជំងឺមហារីក ចំពោះអ្នកប្រើប្រាស់។
ស្ថាប័ននេះ បានប្រកាសដាក់ចេញវិធានការ បណ្តោះអាសន្នភ្លាមៗកាលពីចុងសប្តាហ៍មុន។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានជម្រាបជូនប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករពាក់ព័ន្ធ ចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ បានលើកឡើងថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហារ របស់ប្រទសនៅសហគមន៍អឺរ៉ុបមួយចំនួន បានរកឃើញផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់សារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោក ចាត់ទុកជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។
លិខិតបន្តថា ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ ស្ថាប័នគយ សូមធ្វើការណែនាំវិធានការបណ្តោះអាសន្នមួយចំនួន។ វិធានការទាំងនោះ គឺត្រូវកំណត់ ចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២២ តទៅ រាល់ការនាំចូលទំនិញជាមីកញ្ចប់ម៉ាក ”Lucky Me!” ផលិតនៅប្រទេសថៃ មីកញ្ចប់ម៉ាក ”Hao Hao” ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក “Haagen-Dazs” (Vanilla) ផលិតនៅប្រទេសបារាំង ត្រូវមានអមមកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ ការវិភាគសារធាតុ Ethylene Oxide ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។
ជាមួយគ្នានេះ ទំនិញដែលមកដល់ដែនគយ មុនថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២២ អ្នកនាំចូលត្រូវដកសំណាក ទំនិញធ្វើការវិភាគសារធាតុ អេទីឡែនអុកស៊ីត នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុនអនុញ្ញាតឱ្យបញ្ចេញទំនិញពីគយ។
លិខិតដដែលបន្តថា នាយកដ្ឋានសវនកម្ម ត្រូវធ្វើការតាមដាន និងវាយតម្លៃហានិភ័យ លើផលិតផលទាំងនេះជាប្រចាំ ដើម្បីលើកវិធានការអនុវត្តឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ មន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ព័ត៌មាន និងទិន្នន័យ ដែលប្រកាសក្នុងឯកសារជាមួយនឹងទំនិញជាក់ស្តែង ដើម្បីចៀសវាងការបន្លំដោយគេចវេះពីវិធានការជាយថាហេតុ
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) លោកផាន អូនបានប្រាប់សារព៌តមានមួយថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធ ផលិតផលមីកញ្ចប់ដែលផ្ទុកសារធាតុ អេទីឡែនអុកស៊ីត លោកបានចាត់មន្ត្រីសាខា ក.ប.ប. ចុះពិនិត្យនៅតាមទីតាំងផ្សារទំនើប ផ្សារមិនរៀបរយ និងអ្នកលក់នៅតាមផ្ទះនៅទូទាំងប្រទេស។
លោកបានឲ្យដឹងថា បន្ទាប់ពីចុះស្រាវជ្រាវ អស់រយៈពេលជាច្រើនថ្ងៃមកនេះ ជាលទ្ធផលបឋម ពុំបានរកឃើញផលិតផលមី និងការ៉េម ដូចមាននៅក្នុងសេចក្តីជូនដំណឹងចរាចរ នៅក្នុងទីផ្សារប្រទេសកម្ពុជានៅឡើយទេ”។
ទោះយ៉ាងណា លោកបានបញ្ជាក់ថា ក្នុងករណីរកឃើញផលិតផលទាំងនោះក្នុងទីផ្សារកម្ពុជា នឹងចាត់វិធានការប្រមូលយកទាំងអស់ ចេញពីទីផ្សារផងដែរ។ លោកថា ក្នុងកិច្ចការនេះ លោកបានដាក់ចេញវិធានការចំនួន២ ជាបន្ទាន់ដូចជា ធ្វើលិខិតស្នើសុំកិច្ចសហការ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានវិធានការ ដើម្បីណែនាំដល់ក្រុមហ៊ុននាំចូលនានា ដែលមានការពាក់ព័ន្ធ នឹងការនាំចូលផលិតផល ដូចបានរៀបរាប់ខាងលើ ដោយតម្រូវឱ្យភ្ជាប់វិញ្ញាបនបត្របញ្ជាក់ ការវិភាគអវត្តមាន នៃសារធាតុអេទីឡែន អុកស៊ីត (Ethylene Oxide) ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។
ជាមួយគ្នានេះ លោកបានបញ្ជាកម្លាំង មន្ត្រីជំនាញក្រោមឱវាទឱ្យចុះត្រួតពិនិត្យតាមបណ្តាឃ្លាំងស្តុក បណ្តាផ្សារមិនរៀបរយ ផ្សារទំនើប និងផ្ទះលក់ទំនិញ នៅគ្រប់រាជធានី-ខេត្ត ដើម្បីស្វែងរកផលិតផលទាំង៣ប្រភេទនោះ ប៉ុន្តែពុំទាន់រកឃើញនៅឡើយទេ៕