ដោយៈ សុខុម
ហាណូយ: ចាប់តាំងពីដើមឆ្នាំនេះ ទីផ្សារអចលនទ្រព្យវៀតណាម មានសន្ទុះកើនឡើងនូវសកម្មភាពទិញយក និងច្របាច់បញ្ចូលគ្នា (M&A) រួមទាំងគម្រោងការិយាល័យ លំនៅដ្ឋាន និងឧស្សាហកម្មផងដែរ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០១ ខែសីហា។
លទ្ធផលស្ទង់មតិដែលធ្វើឡើង ដោយក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យពាណិជ្ជកម្មអន្តរជាតិ Cushman & Wakefield (C&W) បង្ហាញថា ការទិញយកអគារការិយាល័យកម្រិតA ដែលមានឈ្មោះថា Capital Place នៅកណ្តាលទីក្រុងហាណូយ ពីសំណាក់ក្រុមហ៊ុន Viva Land ក្នុងតម្លៃ៥០០លានដុល្លារអាមេរិក បានធ្វើឱ្យទីផ្សារការិយាល័យមានសន្ទុះហក់ឡើងគួរឱ្យកត់សម្គាល់។
គម្រោងអគារការិយាល័យលំដាប់ខ្ពស់នេះ ជាអគារភ្លោះមានកម្ពស់៣៧ជាន់ ដែលត្រូវបានជ្រើសរើសធ្វើជាទីតាំងការិយាល័យធំ នៃក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើននៅក្នុងទីក្រុងនេះ។
នៅមុននេះក្រុមហ៊ុនViva Land ក៏បានទិញយកអគារ Saigon One Tower ដោយជោគជ័យផងដែរ ហើយបានប្ដូរឈ្មោះថ្មីទៅជា IFC Saigon One។
សម្រាប់ផ្នែកលំនៅដ្ឋាន ទីផ្សារនេះក៏សម្រេចបានកិច្ចព្រមព្រៀងមួយចំនួនធំផងដែរ ដូចជា ការទិញយករបស់ក្រុមហ៊ុន Novaland នូវគម្រោងអាផាតម៉ិនប្រណីត Kenton Node ពីក្រុមហ៊ុន Tài Nguyên Construction Production Trading Co. និងប្តូរឈ្មោះថ្មីទៅជា Grand Sentosa ផងដែរ។ គម្រោងនេះមានអាផាតម៉ិនដល់ទៅ១.៦៤០យូនីត។
ប្រតិបត្តិការទិញលក់ដ៏ធំមួយទៀត គឺការទិញយកគម្រោង Saigon Binh An ឬដែលគេស្គាល់ថា The Global City ដោយក្រុមហ៊ុន Masterise Homes។ គម្រោងនេះស្ថិតនៅលើផ្ទៃដី១១៧ហិកតា។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិកWarburg Pincus បានប្រកាសបោះទុនវិនិយោគចំនួន២៥០លានដុល្លារ លើក្រុមហ៊ុន Novaland ដើម្បីបង្កើនការទិញដីធ្លី និងអភិវឌ្ឍគម្រោង ដែលមានស្រាប់របស់ក្រុមហ៊ុន Novaland នៅក្នុងទីតាំងជាយុទ្ធសាស្ត្រនានា។
ការស្ទង់មតិរបស់ក្រុមហ៊ុន C&W បង្ហាញថា ក្រុមហ៊ុន២ទៀតគឺ VinaCapital និង Dragon Capital ក៏បានបោះទុន១០៣លានដុល្លារ លើក្រុមហ៊ុន Hưng Thịnh Land JSC ផងដែរ។
ទន្ទឹមនឹងនេះ អចលនទ្រព្យប្រភេទឧស្សាហកម្ម នៅតែជាផ្នែកដែលត្រូវប៉ាន់បំផុតក្នុងទីផ្សារទិញយក និងច្របាញ់បញ្ចូលគ្នានេះ ដោយគ្រប់ដណ្ដប់៣៥%នៃតម្លៃទិញលក់សរុបក្នុងវិស័យនេះ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន GLP បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយមានឈ្មោះថា GLP Vietnam Development Partners I ជាមួយទុនវិនិយោគសរុប១,១ពាន់លានដុល្លារ លើគម្រោងមជ្ឈមណ្ឌលដឹកជញ្ជូនចំនួន៦។
វៀតណាម ទទួលបានរំហូរមូលធនថ្មី រហូតដល់ទៅ១០,០៦ពាន់លានដុល្លារ ពីបណ្ដាវិនិយោគិនបរទេសក្នុងឆមាសទី១ ដើមឆ្នាំ២០២២។
វិនិយោគិនបរទេសឈានមខគេ ក្នុងទីផ្សារអចលនទ្រព្យវៀតណាម រួមមានសិង្ហបុរី ជប៉ុន ដាណឺម៉ាក ចិន និងកូរ៉េខាងត្បូង៕ Vietnam News៕