ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យនៅតែបន្តរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩ បញ្ហាបិទលំហូរមូលធនចេញពីប្រទេសចិន និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យទីផ្សារនេះបន្តដើរយឺតៗនៅឡើយ។
អ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញទិដ្ឋភាពនៃផ្នែកមួយចំនួននៅតែបន្តដំណើរការ និងគោរពបានស្តង់ដាសំណង់ និងនិយាមអន្តរជាតិ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ឋីបានមានប្រសាសន៍ឲន្យដឹង តាមបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃទី៣ សីហានេះថា ផ្នែកជាច្រើននៃវិស័យអចលនទ្រព្យនៅតែរងផលប៉ះពាល់ ប៉ុន្តែទីផ្សារលំនៅដ្ឋានតម្លៃមធ្យម សម្រាប់ប្រជាជននៅតែមានភាពរ៉ឹងមាំសម្រាប់រយៈពេលវែង ពិសេសលំនៅដ្ឋានដែលមានតម្លៃចាប់ពី៥០,០០០ ទៅ១០០,០០០ដុល្លារអាមេរិក។
លោកបន្តថា “ផ្នែកដែលរងផលប៉ះពាល់ គឺទីផ្សារខុនដូដោយសារអត្រាជួលធ្លាក់ចុះ ព្រោះជនបរទេសមិនចូលមកកម្ពុជាច្រើន ដោយសារវិបត្តិកូវីដ១៩”។ លោកបន្តថា “ទីផ្សារជួលខុនដូបានធ្លាក់ចុះ ដោយពីមុនខុនដូមានតម្លៃ១០ម៉ឺន អាចជួលបាន១០០០ដុល្លារក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្នការជួលបានតម្លៃប្រមាណ៥០០ដុល្លារប៉ុណ្ណោះ និងកំពុងខ្វះអ្នកជួល”។
ទោះជាយ៉ាងណាលោកមានសុទិដ្ឋិនិយមថា ទីផ្សារខុនដូនឹងមានភាពល្អប្រសើរឡើងវិញ នៅពេលសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងវិនិយោគិនអន្តរជាតិចូលមក។
ទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយគុណភាព និងទំនួលខុសត្រួវសង្គមវិញ លោកឧកញ៉ាឃាង ពុទ្ឋីបានឲ្យដឹងថា និន្នាការនៃការអភិវឌ្ឍន៍ដែលធ្វើឡើងតាមស្តង់ដា និងគោរពគោលការណ៍បរិស្ថាន និងជាការអភិវឌ្ឈន៍ដោយចីរភាពទៅថ្ងៃអនាគត លោកគិតថា ប្រទេសណាដូចប្រទេសណាដែរ ព្រោះបច្ចុប្បន្ននេះគុណភាពលំនៅដ្ឋាន ខុនដូ អាគារការិយាល័យ គឺទាមទារឲ្យមានស្តង់ដាខ្ពស់ហើយ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “បើអភិវឌ្ឍន៍បុរី មិនមានសួនច្បារ មិនមានការដាំដើមឈើ មិនមានការឌីសាញ និងប្លង់ស្ថាបត្យកម្មស្អាតទេ គាត់មិនអាចទទួលបានជោគជ័យក្នុងទីផ្សារទេ”។ លោកបន្តថា “ប្រជាជនយើងមានចំណេះដឹងកាន់តែខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យចំណូលកាន់តែខ្ពស់ គាត់ទាមទារការរស់នៅកាន់តែខ្ពស់ ដូច្នេះអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវគិតទាំងពីផាសុខភាពទាំងប្លង់ស្ថាបត្យកម្ម ខ្យល់ ពន្លឺ និងសួនសាធារណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជោគជ័យ”៕