ដោយ៖ សុខុម
មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិក ថាព្យាយាមធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែន អូសបន្លាយពេលកាន់តែវែង ហើយថា វាជាចេតនារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាអនុត្តរភាព (ភាពលប់លើសគេគ្មានគូប្រៀប) របស់ខ្លួនក្នុងពិភពលោក។
ថ្លែងបើកសន្និសីទស្ដីពីបញ្ហាសន្តិសុខក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ប្រធានាធិបតីដែលមានងារជាបុរសខ្លាំងរូបនេះបានលើកឡើងចំៗថា “ស្ថានការណ៍នៅអ៊ុយក្រែន បង្ហាញថា សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឱ្យជម្លោះនេះអូសបន្លាយ…”។
លោកលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុង “ប្រើប្រាស់ប្រជាជនអ៊ុយក្រែន ធ្វើជាអ្នកពាំងកាណុងកាំភ្លើង” ហើយបានថ្កោលទោសសហរដ្ឋអាមេរិក ធ្ងន់ៗចំពោះការផ្គត់ផ្គង់សព្វាអាវុធដល់រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន)។ លោកបានសង្កត់ធ្ងន់ថា “ពួកគេត្រូវការជម្លោះដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន”។
រុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៥ ខែកុម្ភៈ ដើមឆ្នាំនេះ ដោយមើលស្រាលថា ខ្លួននឹងអាចផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ បានក្នុងពេលដ៏ខ្លី។
ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងការវាយដណ្តើមគ្រប់គ្រងរដ្ឋធានីគៀវ យោធារុស្ស៊ី បានងាកទៅផ្តោតលើការវាយដណ្ដើមកាន់កាប់តំបន់ដុនបាស (Donbas) ភាគខាងកើតជំនួសវិញ។ អ្វីដែលរុស្ស៊ី គិតថាខ្លួននឹងអាចដណ្ដើមជ័យជម្នះបានក្នុងពេលដ៏ខ្លី បានក្លាយជាសង្គ្រាមអូសបន្លាយរហូតមកទល់ពេលនេះដោយសារអ៊ុយក្រែន ទទួលបានការផ្គត់ផ្គង់សព្វាវុធពីបណ្ដាប្រទេសលោកខាងលិច។
សហរដ្ឋអាមេរិក បានផ្តល់ជំនួយយ៉ាងច្រើនសម្បើមគួរឱ្យភ្ញាក់ផ្អើលរហូតដល់ទៅ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំនេះ ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
កាំភ្លើងធំរយៈចម្ងាយឆ្ងាយដែលជាផ្នែកមួយនៃជំនួយយោធាចំនួន៩ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក បានធ្វើឱ្យអ៊ុយក្រែន មានលទ្ធភាពវាយលុកទីតាំងផ្គត់ផ្គង់របស់រុស្ស៊ី ចូលជ្រៅទៅក្នុងទឹកដីដែលគ្រប់គ្រងដោយទីក្រុងមូស្គូ៕