ក្រុមហ៊ុនយក្ស TTC Group គ្រោងបោះទុនរាប់ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតថាមពលកកើតឡើងវិញនៅវៀតណាម

0

ដោយសុខុម

ហាណូយ: ក្រុមហ៊ុនវៀតណាម TTC Group មានបំណងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីកកើតឡើងវិញរបស់ខ្លួនទ្វេដងរហូតដល់ឆ្នាំ២០២៥ ខណៈប្រទេសវៀតណាម កំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ឱ្យដឹងថា ការបង្កើនសមត្ថភាពផលិតថាមពលកកើតឡើងវិញនេះ នឹងធ្វើឡើងតាមរយៈការបោះទុនវិនិយោគយ៉ាងច្រើនសម្បើមលើថាមពលខ្យល់ និងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ប្រទេសជប៉ុន Jera Co។

ក្រុមហ៊ុន Jera Co បានទិញយកភាគហ៊ុន៣៥,០៩%នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gia Lai Electricity JSC របស់ TTC Group។ នេះបើយោងតាមការទម្លាយឱ្យដឹងពីលោក Dang Van Thanh ប្រធានក្រុមហ៊ុន TTC Group ដែលមានអាជីវកម្មចម្រុះរាប់ចាប់ពីថាមពលរហូតដល់ទេសចរណ៍។

លោក Dang Van Thanh បានលើកឡើងថា ក្រុមហ៊ុន Jera Co ដែលក្លាយជាភាគហ៊ុនិកបរទេសធំបំផុតនៅក្នុងក្រុមបុត្រសម្ព័ន្ធ Gia Lai Electricity JSC បានទិញយកភាគហ៊ុនពីក្រុមហ៊ុន International Finance Corp និងក្រុមហ៊ុន Armstrong Asset Management ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងចំនួនទឹកប្រាក់ដែលមិនបង្ហាញ។

ក្រុមហ៊ុនជប៉ុន មួយនេះនឹងជួយផ្តល់បច្ចេកវិទ្យា និងជំនាញ ខណៈក្រុមហ៊ុនមេ TTC Group ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gia Lai Electricity គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពផលិតថាមពលកកើតឡើងវិញឱ្យឈានដល់ជាង២.០០០មេហ្គាវ៉ាត់ (MW)។

តាមការរំពឹងទុក ថាមពលខ្យល់នឹងគ្របដណ្ដប់ប្រមាណ២ភាគ៣នៃថាមពលស្អាតរបស់វៀតណាម នៅត្រឹមឆ្នាំ២០២៥ ដោយកើនឡើងពី២៥%នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Jera Co បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការបន្ថែមការផលិតថាមពលស្អាត និងមានតម្រូវការអគ្គិសនីកើនឡើងដែលធ្វើឱ្យប្រទេសនេះក្លាយជា “ប្រទេសអាទិភាព” សម្រាប់ការវិនិយោគរបស់ខ្លួន៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here