ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកំពុងជួបប្រទះបញ្ហាមួយ ខណផ្លូវនេះគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅខែតុលាខាងមុខនេះ

0

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវល្បឿនលឿនពីភ្នំពេញ ក្រុងព្រះសីហនុនេះ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយមិនយកថ្លៃសេវារយៈពេល១ខែ កំពុងជួបប្រទះបញ្ហាមួយ គឺប្រជាពលរដ្ឋមួយចំនួនបានកាត់របងលួសនៅតាមដងផ្លូវ ដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើឱ្យសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយឱ្យអាជ្ញាធរមូលដ្ឋានអប់រំ និងហាមឃាត់ប្រជាពល​រដ្ឋកុំឱ្យកាត់លួសរបង តាមដងផ្លូវល្បឿនលឿនជាបន្តទៀត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “សព្វថ្ងៃនេះ យើងមានរបងសំណាញ់៤០ម៉ែត្រ សងខាង ដោយមានប្រជាពលរដ្ឋមួយចំនួន បានកាត់របងលួសនៅតាមដងផ្លូវ ដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ។

លោកបន្តថា “ខ្ញុំសូមស្នើឱ្យសម្តេចក្រឡាហោម ជួយណែនាំដល់អាជ្ញាធរដែនដី អប់រំដល់ប្រជាពលរដ្ឋ កុំឱ្យកាត់លួសរបងនៅតាមដងផ្លូវជាបន្តទៀត ព្រោះថារបងលួសនេះ ដើម្បីឃាំងកុំឱ្យសព្វពាហៈនៈផ្សេងៗដើរឆ្លងកាត់ការពារដល់សុវត្តិភាព អ្នកបើកបរធ្វើដំណើរនៅលើដងផ្លូវ”។

យោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ បានយល់ដឹងឱ្យបានកាន់តែច្បាស់ ងាយស្រួលធ្វើដំណើរនៅលើផ្លូវនេះ និងបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍ ក្រសួងបានត្រៀមស្ប៉តអប់រំចំនួន៥ ហើយខាងក្រុមហ៊ុនមានបំពាក់កាមេរ៉ា នៅទីបញ្ជាការរួមមួយ ដែលអាចមើលឃើញ នៅតាមដងផ្លូវគ្រប់ទីកន្លែងទាំងអស់ ដើម្បីងាយស្រួលពេលមានបញ្ហាអ្វីមួយ ហើយអាចទៅជួយសង្គ្រោះ បានទាន់ពេលវេលា។

លោកស៊ុន ចាន់ថុលបានបន្តទៀតថា ម្យ៉ាងទៀត ក្រសួងក៏កំពុងសហការ ជាមួយខាងក្រុមហ៊ុន ដើម្បីរកវិធីសាស្ត្រយ៉ាងណា ផ្តល់សេវាដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ពេលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានរថយន្តសង្គ្រោះ ពេលរថយន្តខូចមានជាងជួសជុល។ ខាងអគ្គស្នងការនគរបាលជាតិ មាន៣នាក់ដាក់ប្រចាំការ នៅកន្លែងត្រួតពិនិត្យកាម៉ារ៉ា ដើម្បីធ្វើការសហការជាមួយខាងក្រុមហ៊ុន ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងទិញបំពាក់កាម៉ារ៉ា នៅតាមដងផ្លូវផងដែរ ដើម្បីធានាដល់សុវត្តិភាពអ្នកបើកបរនៅលើផ្លូវនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here