ដោយៈ សុខុម
ប៉េកាំង: រដ្ឋាភិបាលថ្នាក់មូលដ្ឋាននៅទូទាំងប្រទេសចិន គ្រោងនឹងលក់មូលបត្របំណុលបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ ដើម្បីទទួលបានធនធានបន្ថែម សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ខណៈគម្រោងទាំងនោះកំពុងមានបញ្ហាហិរញ្ញវត្ថុ។
កាសែតរដ្ឋចិន ជាច្រើនបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ដោយដកស្រង់ប្រភពរបស់ក្រុមអ្នកវិភាគថា បណ្ដារដ្ឋាភិបាលថ្នាក់មូលដ្ឋាន អាចនឹងបោះផ្សាយបំណុលពិសេស (Special Debt) និងមូលបត្របំណុល២២៩ពាន់លានដុល្លារអាមមេរិក បន្ថែមទៀតនៅឆ្នាំនេះ ដើម្បីផ្ដល់ហិរញ្ញប្បទានជួយគាំទ្រ ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើកូតាដែលមិនប្រើប្រាស់ពីឆ្នាំមុនៗ។
ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល បានធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ នៅពេលការបិទខ្ទប់កូវីដ-១៩ និងការបន្តដាំក្បាលចុះ នៃទីផ្សារអចលនទ្រព្យបានធ្វើឱ្យសេដ្ឋកិច្ច និងប្រាក់ចំណូលពន្ធធ្លាក់ចុះ។
ប្រាក់ចំណូលបានធ្លាក់ចុះ ដោយសារការបញ្ចុះពន្ធ ដើម្បីជួយសម្រាលបន្ទុក និងការលំបាករបស់អាជីវកម្មនានា អំឡុងពេលសេដ្ឋកិច្ចដាំក្បាលចុះ។
លោក Zhang Yiqun សមាជិកមួយរូបនៃអង្គការ “សង្គមហិរញ្ញវត្ថុសាធារណៈនៃប្រទេសចិន” (Society of Public Finance of China) បានលើកឡើងថា ត្រីមាសទី៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់ការលក់មូលបត្របំណុលពិសេស របស់រដ្ឋាភិបាលថ្នាក់មូលដ្ឋានបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shanghai Securities News។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន បានឱ្យដឹងថា ទិន្នន័យកាលពីថ្ងៃពុធ ទី១៧ ខែសីហា បានបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនូវប្រាក់ចំណូលរបស់រដ្ឋាភិបាល។
ប្រាក់ចំណូលសាធារណៈទូទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះមានចំនួន១,៨ទ្រីលានដុល្លារ ដោយធ្លាក់ចុះ៩,២%ធៀបនឹងឆ្នាំមុន៕ South China Morning Post៕