ប្រទេសចិនគ្រោងដាក់ចេញគោលនយោបាយថ្មីៗបន្ថែមទៀតដើម្បីជំរុញ សេដ្ឋកិច្ចជាតិ

0

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិននឹងអនុម័តគោលនយោបាយ ជាបន្តបន្ថែមពីលើកញ្ចប់គោលនយោបាយស្តារស្ថិរភាពសេដ្ឋកិច្ច ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នងការស្តារកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។

ប្រទេសចិន ក៏នឹងបញ្ជូនក្រុមការងារទៅមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងជួយការងារនេះ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ ក្នុងល្បឿនកាន់តែលឿន។ នេះបើយោងតាមសេចក្តីសម្រេច ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រតិបត្តិរបស់ក្រុមប្រឹក្សារដ្ឋ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីចិនលី ខឺឈាងកាលពីថ្ងៃពុធម្សិលមិញនេះ។

កិច្ចប្រជុំបានកត់សម្គាល់ថា សេដ្ឋកិច្ចចិននៅពេលនេះ បានបន្តសន្ទុះនៃការងើបឡើងវិញ ប៉ុន្តែការប្រែប្រួលតិចតួចនៅតែមាន ហើយមូលដ្ឋានគ្រឹះនៃការងើបឡើងវិញសេដ្ឋកិច្ចមិនរឹងមាំនោះទេ។

វាជាការចាំបាច់ក្នុងការអនុវត្ត យ៉ាងពេញលេញនូវទស្សនវិជ្ជា នៃការអភិវឌ្ឍន៍ថ្មី សម្របសម្រួលការឆ្លើយតបរបស់ជំងឺរាតត្បាត ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ លើកកំពស់ការអភិវឌ្ឍន៍ជាមូលដ្ឋាន និងជាគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងអស់ នៅក្នុងប្រទេសចិន និងចាប់យកពេលវេលាដ៏សំខាន់នាពេលបច្ចុប្បន្ន។

បន្ថែមពីលើការផ្តល់នូវកញ្ចប់គោលនយោបាយ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច គោលនយោបាយថ្មីចំនួន១៩បន្ថែមទៀត នឹងត្រូវដាក់ឱ្យដំណើរការដើម្បីបង្កើតភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំង។

គោលដៅនៃការរួមបញ្ចូលគ្នា នៃគោលនយោបាយនេះ គឺដើម្បីលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច និងការកើនឡើង រក្សាសូចនាករសេដ្ឋកិច្ចសំខាន់ៗ និងធ្វើការ ដើម្បីទទួលបានលទ្ធផលល្អបំផុតដែលអាចធ្វើទៅបាន។

លោកលី ខឺឈាងបាននិយាយថា ដោយគិតពីកាលៈទេសៈបច្ចុប្បន្ន យើងត្រូវចាប់យកឱកាស និងរក្សាទំហំគោលនយោបាយ ឱ្យបានសមស្របហើយមូលនិធិ ដែលមានគួរត្រូវប្រើប្រាស់ឱ្យល្អបំផុត ដែលនឹងពង្រីកការវិនិ​យោគប្រកបដោយប្រសិទ្ធភាព ជំរុញការប្រើប្រាស់ និងជួយរក្សាសកម្មភាពសេដ្ឋកិច្ចឱ្យដើរទៅមុខប្រកបដោយស្ថិរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here