ផ្សារហ៊ុនអាស៊ីហក់ឡើង ខណៈវិនិយោគិនបារម្ភអំពីតម្រុយការដំឡើង អត្រាការប្រាក់របស់អាមេរិក

0

ដោយៈ សុខុម

ហុងកុង: ផ្សារហ៊ុនអាស៊ី បានហក់ឡើងយ៉ាងទូលំទូលាយ ខណៈរូបិយប័ណ្ណដុល្លារ ធ្លាក់ថ្លៃបន្តិចនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា នេះ ខណៈបណ្ដាវិនិយោគិន កំពុងទន្ទឹងយ៉ាងអន្ទះសារង់ចាំអ៊ុតមើល លទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារកណ្តាលអាមេរិកស្ដីពី ការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

MSCI ដែលជាសន្ទស្សន៍ផ្សារហ៊ុនធំបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,៣% បន្ទាប់ពីផ្សារហ៊ុនសហរដ្ឋអាមេរិក បានហក់ឡើងតិចតួច។

ផ្សារហ៊ុនអូស្ត្រាលី បានហក់ឡើង០,៧% ខណៈសន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei បានហក់ឡើង០,៥២% ចំណែកឯផ្សារហ៊ុនប្រទេសចិន CSI300 បានហក់ឡើង០,២៧%។

កិច្ចប្រជុំស្ដីពីគោលនយោបាយរូបិយវត្ថុ ប្រចាំឆ្នាំរបស់ធនាគារកណ្ដា​លអាមេរិក នៅទីក្រុង Jackson Hole រដ្ឋ Wyoming នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ស្អែកនេះ។

លោក Tapas Strickland នាយកផ្នែកសេដ្ឋកិច្ចនៅធនាគារជាតិអូស្ត្រាលី (NAB) លើកឡើងថា ពេលនេះបណ្ដាវិនិយោគិនរំពឹងថា អត្រាអត្រាការប្រា ក់របស់ធនាគារកណ្ដាលអាមេរិក នឹងត្រូវដំឡើងដល់កម្រិតខ្ពស់បំផុតក្នុងរង្វង់៣,៨០%នៅខែមីនា ឆ្នាំ២០២៣ ដោយកើនឡើងពី៣,៦២%កាលពី២សប្ដាហ៍មុន។

អត្រាការប្រាក់មានឱកាស៦០% ដែលអាចដំឡើង៧៥ពិន្ទុបន្ថែមទៀតនៅខែកញ្ញា ខាងមុខនេះ។

បណ្ដាផ្សារហ៊ុនអាមេរិក រួមមានផ្សារហ៊ុន Dow Jones Industrial Average បានហក់ឡើង០,១៨% ផ្សារហ៊ុន S&P 500 បានហក់ឡើង០,២៩% ហើយផ្សារហ៊ុន Nasdaq Composite បានហក់ឡើង០,៤១%។

រូបិយប័ណ្ណដុល្លារ បានធ្លាក់ថ្លៃ០,០១%ទល់នឹងរូបិយប័ណ្ណយ៉េន របស់ជប៉ុន ឈានដល់១៣៧,០៩យ៉េន ក្នុង១ដុល្លារ។

ប្រេងឆៅអាមេរិក បានហក់ឡើងថ្លៃ០,៣៨% ឈានដល់៩៥,២៥ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅអង់គ្លេស ហក់ឡើងថ្លៃ០,៥%ឈានដល់១០១,២២ដុល្លារ ក្នុង១បារ៉ែល។  ទន្ទឹមនឹងនេះ មាសបានហក់ឡើងថ្លៃបន្តិច ឈានដល់១.៧៥៣ដុល្លារ ក្នុងមួយអោន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here