ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការបើកបើកការិយាល័យពាណិជ្ជកម្មរបស់តួកគីនៅកម្ពុជា ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ថាកម្ពុជា និងតួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ក្នុងន័យនេះ សម្ដេចតេជោ ស្វាគមន៍ការិយាល័យពាណិជ្ជកម្មរបស់តួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត
លោកស្រី អ៊ូឃូល កូចាអេហ្វេ បានលើកឡើងថា កម្ពុជា និងតួកគី នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកស្រី បានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខារួចហើនោះ លោកស្រី នឹងប្រឹងប្រែងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា តួកគី នឹងបើកបើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក៕