ដោយៈ សុផារី
ភ្នំពេញៈ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបួន រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចសំខាន់បំផុតរបស់ប្រទេសកម្ពុជា។
នៅក្នុងកំឡុងវិបត្តិជំងឺរយៈពេល២ឆ្នាំកន្លងមក ភ្នំពេញនៅបន្តដំណើរការសកម្មភាពសេដ្ឋកិច្ច ដោយជាប៉ូលដែលមានភាពរឹងមាំបំផុត ដោយសារហេតុផលផ្ទៃក្នុងសំខាន់ៗមួយចំនួន ខណៈកត្តាខាងក្រៅនៅមិនទាន់បង្ហាញសញ្ញាវិជ្ជមាននៅឡើយ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance លោក ឡុង គីមសួគ៌ បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ថា ក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់ទាំងបួន ដោយឆ្លងកាត់ផលប៉ះពាល់ពីវិបត្តិជំងឺកន្លងមក ភ្នំពេញជារាជធានី និងជាប៉ូលសេដ្ឋកិច្ចសំខាន់ និងមានភាពរឹងមាំបំផុត នៅក្នុងវិស័យអចលនទ្រព្យ។
អ្នកជំនាញរូបនេះលើកឡើងថា កត្តាសំខាន់ទី១ ប្រជាសាស្ត្រក្នុងទីក្រុងភ្នំពេញ ដែលជាទីប្រជុំជនប្រមូលផ្តុំមនុស្សគ្រប់ទិសទី ទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកមានប្រសាសន៍ថា “ប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ជាតំបន់ប្រមូលផ្តុំដោយនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អ្វីៗប្រមូលផ្តុំនៅរាជធានីភ្នំពេញទាំងអស់។ របាយប្រជាជន រស់នៅក្នុងទីក្រុងមួយនេះក៏មានចំនួនច្រើនផងដែរ ដែលធ្វើឱ្យសេដ្ឋកិច្ចភ្នំពេញឈរនៅលំដាប់ទី១”។
កត្តាសំខាន់ទី២ គឺ ដំណើរការសេដ្ឋកិច្ច នៅក្នុងទីក្រុងភ្នំពេញនៅបន្តមានដំណើរការជាធម្មតា និងមានភាពមមាញឹកជានិច្ច។
កត្តាសំខាន់ទី៤ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅបន្តមានការសាងសង់ និងអភិវឌ្ឍ។
លោកថា “ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អាគារធំៗ ស្ថិតនៅក្នុងទីក្រុងភ្នំពេញមានចំនួនច្រើនជាងគេ”។
កត្តាសំខាន់ទី៥ ចរន្តទិញលក់ និងការអភិវឌ្ឍនៃអចលនទ្រព្យ មានសកម្មភាពជាហូរហែរ ទោះបីមានការធ្លាក់ចុះបន្ទិចក្តី ដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩។
លោកឡូង គីមសួគ៌បញ្ជាក់បន្ថែមថា “វិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញក្នុងកំឡុងពេលនេះ ភ្នំពេញមានភាពល្អប្រសើរជាងគេ ដោយសារ ស្ថិតិប្រជាជនរស់នៅច្រើន វិស័យសេដ្ឋកិច្ចមានការដោះដូរច្រើន ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តដំណើរការ”។
លោកបន្តថា ទោះបីជាប្រឈមវិបត្តិសេដ្ឋកិច្ចសកល ទាក់ទងនឹងការដោះដូរអចលនទ្រព្យ នៅតែមាន ដោយសាររាជរដ្ឋាភិបាលបានដោះស្រាយបានជោគជ័យ ក្នុងការកាត់បន្ថយការឆ្លងជំងឺបានសឹង១០០ភាគរយ។
យ៉ាងណាក្តីអ្នកជំនាញរូបនេះលើកឡើងថា កត្តាផ្ទៃក្នុងខាងលើបានជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ មានភាពរឹងមាំខ្លាំង ខណៈកត្តាខាងក្រៅ ដូចជា លំហូរនៃវិនិយោគិនពីបរទេស និងទុនវិនិយោគ នៅបន្តត្រូវការពេលវេលា រហូតដល់ពាក់កណ្តាល និងចុងឆ្នាំក្រោយ ដោយសង្ឃឹមថា នឹងបង្ហាញនូវសញ្ញាល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យកម្ពុជាជារួមត្រូវការរង់ចាំ រហូតដល់ឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ទើបអាចបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ដោយបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យកម្ពុជា ហាក់នៅទ្រឹង ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ធ្វើឱ្យការទិញ លក់មានចំនួនតិច។
លោកបានបន្តថា បច្ចុប្បន្ន អ្នកវិនិយោគបរទេសពុំទាន់ឃើញមានការហូរចូលមកបន្ថែមនៅឡើយ ដោយមានតែអ្នកវិនិយោគិនធំៗ ក្នុងស្រុកប៉ុណ្ណោះ ដែលដំណើរការគម្រោង៕