ដោយៈ សុខុម
សិង្ហបុរី: ចំណាត់ការរបស់សិង្ហបុរី ក្នុងការពង្រឹងច្បាប់ដោយរារាំងទប់ស្កាត់អាពាហ៍ពិពាហ៍ភេទដូចគ្នា អាចផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ក្នុងប្រទេសនេះ ពោលគឺធ្វើឱ្យពួកគេលំបាកកាន់តែខ្លាំងក្នុងការទិញផ្ទះ។
ប្រមាណ៨០%នៃពលរដ្ឋសិង្ហបុរី រស់នៅក្នុងលំនៅដ្ឋានសាធារណៈដែលទទួលបានកាតឧបត្ថម្ភធនពីរដ្ឋ ហើយអាផាតម៉ិនថ្មីៗមួយចំនួនធំដែលមានការឧបត្ថម្ភធន ពីរដ្ឋដល់ទៅ៥៧.០០០ដុល្លារអាមេរិក ត្រូវបានលៃទុកសម្រាប់ប្ដីប្រពន្ធវ័យក្មេង។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា។
ទោះជាយ៉ាងណា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ដែលដាក់ពាក្យស្នើសុំទិញផ្ទះ អាចដាក់ពាក្យបានទាល់តែពួកគេ ឈានចូលដល់វ័យ៣៥ឆ្នាំ ហើយអាផាតម៉ិនដែលពួកគេអាចជ្រើសបានទៀតសោត គឺតូចជាអាផាតម៉ិនទូទៅ និងទទួលបានឧបត្ថម្ភធនតិចជាងគេ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានលើកឡើងក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលនឹងលុបចោលមាត្រា377A នៃក្រមព្រហ្មទណ្ឌដែលដាក់ទោសឧក្រិដ្ឋ លើបុរសរួមភេទជាមួយបុរសដូចគ្នា។
ប៉ុន្តែទន្ទឹមនេះ រដ្ឋាភិបាលក៏នឹងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញផងដែរដើម្បីការពារនិយមន័យផ្លូវច្បាប់ នៃអាពាហ៍ពិពាហ៍ដែលជាការចងចំណងមេត្រីភាពរវាងបុរស និងស្ត្រីដើម្បីឱ្យចៀសផុតពីការចោទប្រកាន់ នៅក្នុងតុលាការ។
គេមើលឃើញថា ចំណាត់ការនេះជាការសម្របសម្រួល រវាងអ្នកតស៊ូមតិការពារសិទ្ធិសហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) និងសង្គមអភិរក្សនិយមនៅសិង្ហបុរី។
ទោះជាយ៉ាងណា វាក៏បានធ្វើឱ្យពលរដ្ឋមួយចំនួនខកចិត្តដែរ ដោយសារពួកគេសង្ឃឹមថា នឹងមើលឃើញរដ្ឋាភិបាល ចាត់វិធានការលើសពីនេះ ព្រោះមាត្រា 377A មិនត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ South China Morning Post៕