ដោយៈ សហការី
ភ្នំពេញ: វិស័យអចលនទ្រព្យប្រទេសកម្ពុជា បានចាប់ផ្ដើមមានសន្ទុះឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យនេះ ក៏បាននិងកំពុងស្រូបទាញការងារជាច្រើន ជាពិសេសគេសង្កេតឃើញថា យុវជនកម្ពុជាកាន់តែច្រើនបានងាកទៅចាប់យកអាជីព ក្នុងវិស័យអចលនទ្រព្យដើម្បីរកប្រាក់ចំណូលរបស់ពួកគេ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា កត្តាដែលយុវជនកម្ពុជាកាន់តែច្រើន បាននិងកំពុងចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ដោយសារតែវិស័យអាចបង្កើតចំណូល ឱ្យពួកគាត់បានច្រើនជាងវិស័យផ្សេងៗ មួយចំនួនដែលពួកគេធ្លាក់ប្រឡូក ។
លោកបន្តថា ដើម្បីរកប្រាក់កចំណូលឱ្យបានច្រើន បុគ្គលខ្លួនឯង ត្រូវមានទំនួលខុសត្រូវ ត្រូវមានការខិតខំប្រឹងប្រែង និងមានគោលដៅត្រឹមត្រូវ។ ឧទាហរណ៍ ជាក់ស្តែងសម្រាប់យុវជនដែលលក់ខុនដូ ពួកគាត់ត្រូវរកខុនដូណាដែលសក្តិសម នឹងប្រាក់ចំណូលនិងជីវភាពរបស់អតិថិជន ។
លោកបន្តថា “កត្តាដែលធ្វើឱ្យគាត់ជោគជ័យ ឬមិនជោគជ័យគឺពឹងអាស្រ័យលើខ្លួនគាត់ផ្ទាល់ ហើយក៏វាអាស្រ័យទៅលើមេដឹកនាំរបស់ពួកគាត់ផងដែរ និងក្រុមហ៊ុនដែលគាត់ជ្រើសរើសសម្រាប់ធ្វើជាអ្នកលក់ ”។
លោកគង្គាបានឱ្យដឹងទៀតថា កត្តាក្រុមហ៊ុនគឺសំខាន់ណាស់ក្នុងការជ្រើសរើស បុគ្គលម្នាក់ៗក្នុងការប្រឡូកវិស័យអចលនទ្រព្យ បើសិនជាក្រុមហ៊ុនមិនមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ជាក្រុមហ៊ុនទន់ខ្សោយនោះ មិនអាចធ្វើឱ្យពួកគាត់ជោគជ័យបានដែរ ។
កត្តាមួយទៀត សម្រាប់អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវតែជ្រើសរើសសេវាកម្មមួយឱ្យច្បាស់ បើសិនជាពួកគាត់ជ្រើសរើសសេវាកម្មច្រើនពេកក៏មិនធ្វើឱ្យពួកជោគជ័យបានដែរ ឬអាចថាចាប់មិនច្បាស់។
ចំណែកលោករិន ចាន់រឹទ្ធ អគ្គនាយក ក្រុមហ៊ុនDNZ Realty ក៏បានមានប្រសាសន៍ផងដែរថា ការលក់អចលនទ្រព្យដែលត្រឹមតែចង់បានលុយពីអតិថិជន គឺមិនអាចសំរេចជោគជ័យឡើយ អតិថិជនគាត់មិនចង់បានការលក់ដោយបង្ខំឡើយ។ អ្នកលក់គួរប្រកាន់ខ្ជាប់ជាអ្នកប្រឹក្សាដ៏ល្អ ជាអ្នកនាំផ្លូវ និងចេះគិតគូរពីផលចំណេញរបស់គាត់ និងផ្តល់ភាពងាយស្រួលដល់គាត់ផងដែរ ជាជាងគ្រាន់តែចង់បានលុយគាត់ រឺលក់អោយដាច់ៗនោះ។
ចំណែកលោកជំទាវ គង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង ក៏បានលើកឡើងដូច្នេះថា ជាភ្នាក់ងារលក់អចលទ្រព្យម្នាក់ ភាពទទួលខុសត្រូវ ការបំរើសេវាកម្មបានល្អ ចេះគិតគូររកភាពចំណេញជូនអតិថិជន ការគោរពពេលវេលា និងភាពមានវិជ្ជាជីវៈ គឺសំខាន់ណាស់ដែលអ្នកលក់ត្រូវមាន លោកជំទាវមានប្រសាសន៍ថា “តាំងពីក្មេងមក តាំងពីពេលដែលខ្ញុំបំរើការងារជាភ្នាក់ងារ អចផនទ្រព្យរហូតមកដល់ឥឡូវ។
លោកជំទាវបន្តថា “ខ្ញុំអោយតំលៃទៅលើពេលវេលា របស់អតិថិជនណាស់ បើមានការណាត់ជាមួយភ្ញៀវ គឺខ្ញុំតែងទៅចាំភ្ញៀវមុនជានិច្ច បើខ្ញុំយឺតយ៉ាវ រឺដោយករណីចាំបាច់ណាមួយ ខ្ញុំមានអារម្មណ៍ខ្មាស់ភ្ញៀវនិងខ្មាស់ខ្លួនឯងណាស់”៕