ក្ដីសង្ឃឹមសម្រាប់ទីផ្សារអចលនទ្រព្យនៅក្រុងបាវិត ការរង់ចាំផ្លូវល្បឿនលឿនដែលមិនទាន់់ប្រាកដប្រជា?

0

ដោយៈ សហសេវិក

ភ្នំពេញៈ រដ្ឋាភិបាលគ្រោង នឹងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជាវៀតណាម ដោយគ្រោងនឹងចំណាយ ទឹកប្រមាណរាប់រយលានដុល្លារអាមេរិក។

គម្រោងសាងសង់ផ្លូវល្បឿននេះ គឺជាក្ដីសង្ឃឹមសម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងក្រុងបាវិត ដែលមានសភាពស្ងប់ស្ងាត់ចាប់តាំងពី វិបត្តិនៃការរបិទហ្គេមអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។

លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីពេលថ្មីៗៗនេះថា បើសិនជាផ្លូវល្បឿនលឿនភ្នំពេញ បាវិតចេញជារូបរាងនៅពេលណានោះ វានឹងផ្ដល់ក្ដីសង្ឃឹមដល់ការអភិវឌ្ឍក្រុងបាវិត និងខេត្តមួយចំនួនស្ថិតនៅតាម​ដងផ្លូវនេះ ពីព្រោះថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងត្រូវកាត់តាមខេត្តមួយចំនួន ការធ្វើដំណើរទៅកាន់ព្រៃវែងរបស់វិនិយោគិន នឹងកាន់តែមានភាពងាយស្រួល ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀតផងដែរ ។

លោកឧកញ៉ាបន្តថា បើសិនជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានជោគជ័យ ការធ្វើដំណើររបស់ពលរដ្ឋ វិនិយោគិន ទេសចរ កាន់តែប្រើពេលខ្លី ចំណេញពេលវេលានិងថវិកា ពីព្រោះថាផ្លូវល្បឿនលឿននឹងកាត់បន្ថយចំងាយផ្លូវ ការបើកបរក៏បានលឿនជាង ការបើកបរតាមផ្លូវធម្មតា។

លោកបន្ថែមថា បច្ចុប្បន្ននេះការអភិវឌ្ឍចេញពីរាជធានី ទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ កាន់តែមានការរីកលូតលាស់ ជាបន្តបន្ទាប់ហើយដែរ ។ជាក់ស្ដែងយើងឃើញគម្រោងវិនិយោគ របស់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក នៅតំបន់តាមផ្លូវជាតិលេខជាតិលេខ១ ក៏កាន់តែរីកដុះដាលបន្តបន្ទាប់និងកាន់តែចេញពីភ្នំពេញ ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក៏មានការជាប់ទាក់ទងនឹងការអភិ​វឌ្ឍអចលនទ្រព្យផងដែរ ហើយបើតាមបទពិសោធន៍កន្លងមកឃើញថា នៅពេលដែលរដ្ឋាភិបាល ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅទីណា ទីនោះតែងតែទទួលបាន ការអភិវឌ្ឍអចលនទ្រព្យថ្មីៗជាបន្តបន្ទាប់។ ដូច្នេះរដ្ឋាភិបាល ក៏បានខិតខំសន្សំថវិការបស់ខ្លួន ដើម្បីប្រើប្រាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ កម្ចីភាគច្រើនដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ ក៏យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសិក្សាពីផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលធ្វើឡើងដោយក្រុមហ៊ុនចិន នឹងបង្ហាញលទ្ឋផលនៅចុងឆ្នាំ២០២១ ប៉ុន្តែលទ្ឋផលបែបណា ការសិក្សាចំណាយអស់ប៉ុណ្ណា រដ្ឋាភិបាលនឹងពិចារណា ដើម្បីរកប្រភពថវិកាមកសាងសង់នាពេលខាងមុខឬយ៉ាងណា អាស្រ័យលើទំហំចំណាយជាក់ស្តែង។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋាភិបាលជប៉ុន(JICA)ធ្លាប់បានសិក្សាពីការសាងសង់ផ្លូវនេះរួចហើយ ដោយត្រូវចំណាយថវិការហូតដល់៣៨០០លានដុល្លារអាមរិក ខណៈផ្លូវនេះមានចម្ងាយខ្លីជាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

យ៉ាងណាក៏ដោយ ទីក្រុងបាវិតបានស្ថិតនៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលជាលទ្ឋផលនៃគោលនយោបាយនេះបាន និងកំពុងជម្រុញល្បឿននៃការអភិវឌ្ឍទីក្រុងសំខាន់ៗចំនួនពីរទៀត គឺក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ទៅកាន់កម្រិតថ្មី​មួយទៀតមិននឹកស្មានដល់។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលថ្មីៗនេះបានផ្តល់ជំនួយជាច្រើន ដើម្បីអភិវឌ្ឍន៍ទីក្រុងបាវិត និងតំបន់មួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here