ដោយ៖ សុផារី
ភ្នំពេញ៖ រោងចក្រសម្រាប់វេចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ជាមួយទុនវិនិយោគជំហានដំបូងប្រមាណ១០០លានដុល្លារអាមេរិក។
រោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយពិធីបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅខែវិច្ឆិកា។
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីរបស់ក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រោងចក្រនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ មានអគារសម្រាប់ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករជាដើម។
បើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រោងចក្រនេះ គឺបម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំង Sinovac ដែលនឹងដឹកមកពីប្រទេសចិន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថា រោងចក្រនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់បម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបានបង្ហាញការរំពឹងទុកថា បើមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ថ្ងៃក្រោយកម្ពុជាចង់ផលិតវ៉ាក់សាំងអ្វីក៏បាន ដោយសារមានមូលដ្ឋានស្រាប់៕