ដោយ៖ សុខុម
វៀងចន្ទន៍: ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រកាសលើបណ្ដាញទំនាក់ទំនងសង្គមថា ខ្លួននឹងចាប់ផ្ដើមដំណើរការឡើងវិញ នូវផ្លូវហោះហើរមួយចំនួន ដែលត្រូវបានកាត់បន្ថយ ឬផ្អាកអំឡុងវិបត្តិកូវីដ-១៩ ហើយក្នុងនោះរួមទាំងផ្លូវហោះហើរមកកាន់កម្ពុជាផងដែរ។
ប្រភពមួយនៅក្នុងវិស័យទេសចរណ៍ បានបង្ហោះកាលវិភាគហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវសម្រាប់រដូវកាលខាងមុខ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដោយលាតត្រដាងជើងហោះហើរដ៏ពេញនិយមមួយចំនួន រួមទាំងជើងហោះហើរមកកាន់ខេត្តសៀមរាបផងដែរ ដែលនឹងចាប់ផ្ដើមឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា។
ការបន្ថែមជើងហោះហើរទាំងនេះ ត្រូវបានក្រុមអ្នកជំនាញទេសចរណ៍ឡាវ ទន្ទឹងរង់ចាំជាយូរមកហើយ ព្រោះឧស្សាហកម្មនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះភ្ញៀវទេសចរ។
អ្នកជំនាញទេសចរណ៍មួយរូប បានប្រាប់សារព័ត៌មាន Laotian Times មុនពេលបែកធ្លាយកាលវិភាគហោះហើរនេះថា កង្វះជើងហោះហើរតភ្ជាប់ជាឧបសគ្គដ៏ធំ ដែលធ្វើឱ្យរាំងស្ទះ ដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ឡាវ ជាពិសេសដោយសារភ្ញៀវទេសចរអាចនឹងស្នាក់នៅគោលដៅផ្សេងៗទៀត ដោយសារតែឡាវខ្វះជើងហោះហើរតភ្ជាប់។
ពេលនេះដោយសារជើងហោះហើរទាំងនេះត្រូវបានប្រកាស ដំណើរទេសចរណ៍អាចត្រូវបានរៀបចំ ដោយមានភាពច្បាស់លាស់ជាងមុន ដែលនឹងផ្ដល់អត្ថប្រយោជន៍ ដល់ទាំងឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចឡាវទាំងមូល៕