ប្រទេសចិនបង្ហាញផែនការជំរុញការសាកថ្ម NEV នៅលើផ្លូវហាយវេ

0

ដោយ: លាងហួរ

ប៉េកាំង: អាជ្ញាធរជំនាញប្រទេសចិន បានចេញផ្សាយផែនការសកម្មភាពមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយសម្រួលដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម តាមបណ្តោយផ្លូវហាយវេ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍យានយន្តថាមពលថ្មី។

ផែនការនេះត្រូវបានដាក់ចេញរួមគ្នា ដោយក្រសួងដឹកជញ្ជូន រដ្ឋបាលថាមពលជាតិ សាជីវកម្មបណ្តាញអគ្គិសនីរដ្ឋនៃប្រទេសចិន និងបណ្តាញអគ្គិសនីចិនភាគខាងត្បូង។

ផែនការនេះបានបង្ហាញថា នៅចុងឆ្នាំ២០២២នេះ សេវាសាកថ្មជាមូលដ្ឋាន សម្រាប់យានជំនិះថាមពលថ្មី នឹងត្រូវបានផ្តល់ជូននៅតំបន់សេវាផ្លូវល្បឿនលឿនទូទាំងប្រទេស លើកលែងតែនៅតំបន់ភ្នំខ្ពស់ និងតំបន់ដែលមានកម្ពស់ខ្ពស់។

ផែនការនេះបានបន្ថែមថា នៅឆ្នាំ២០២៣សេវាសាកថ្មមូលដ្ឋាននឹងត្រូវបានផ្តល់ជូននៅក្នុងតំបន់សេវាកម្ម នៃផ្លូវហាយវេរបស់រដ្ឋ និងខេត្តក្នុងប្រទេសចិន។

សេចក្តីប្រកាសបានបន្តថា កិច្ចខិតខំប្រឹងប្រែងនឹងធ្វើឡើង ដើម្បីពន្លឿ​នការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសាកថ្ម លើដីដែលមានស្រាប់ និងចំណតរថយន្តនៅក្នុងតំបន់សេវាកម្ម នៃផ្លូវល្បឿនលឿន និងផ្លូវហាយវេរបស់រដ្ឋ និងខេត្ត។

រដ្ឋាភិបាលនឹងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម ហើយសហគ្រាសបណ្តាញអគ្គិសនី នឹងបង្កើនការវិនិ​យោគ ដើម្បីធានាបាននូវសមត្ថភាពសាកថ្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here