ដោយៈ សុផារី
ភ្នំពេញៈ ការផ្គត់ផ្គង់ទីផ្សារលក់រាយ បានបន្តបង្ហាញវត្តមានបន្តបន្ទាប់គ្នានៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌមានជ័យ ខណៈមានផ្សារទំនើបធំៗចំនួនបីរួចទៅហើយ។
ទិន្នន័យនេះត្រូវបានមើលឃើញថា អាចនឹងធ្វើឱ្យទីផ្សារលក់រាយនៅក្នុងទីតាំងខាងលើ ប្រឈមនឹងការផ្គត់ផ្គង់លើសពីតម្រូវការ។
គម្រោងផ្សារសហគមន៍មួយទៀត គឺគម្រោង60M community Mall ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលនឹងបំពេញបន្ថែមនូវតម្រូវការ នៃការប្រើប្រាស់ទីតាំងលក់រាយភាគខាងត្បូងនៃរាជធានីភ្នំពេញ។ យ៉ាងណាក្តី គម្រោងផ្សារទំនើបសហគមន៍មួយនេះនៅមិនទាន់បានបង្ហាញ អំពីទំហំទឹកប្រាក់វិនិយោគ និងផ្ទៃក្រឡាដីសាងសង់នៅឡើយទេ។
រហូតមកដល់ពេលនេះ ភាគខាងត្បូងរាជធានីភ្នំពេញ ជាទីតាំងប្រមូលផ្តុំនៃផ្សារទំនើបធំៗជាច្រើន រួមមាន គម្រោងផ្សារទំនើបជីបម៉ុង Mega Mall 271 ផ្សារទំនើប AEON 3 និងគម្រោងផ្សារទំនើបប៉េងហួត ជាដើម រួមទាំងគម្រោងផ្សារសហគមន៍ និងផ្សារលក់រាយខ្នាតមធ្យម និងខ្នាតតូចជាច្រើនទៀត។
របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយនៅខែកក្កដាកន្លងមក បានឱ្យដឹងថា នៅចុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ទីផ្សារទំនើប នៅក្នុងទីក្រុងភ្នំពេញ កើនឡើងស្ទើរតែពីរដង ខណៈអត្រាការិយាល័យលក់/ជួលរួច (occupancy rate) បានចំនួន៦៨,៤ភាគរយ ហើយការផ្គត់ផ្គង់ថ្មីនៅចុងឆ្នាំ២០២២នេះ ស្មើនឹង១៩ម៉ឺនម៉ែត្រការ៉េ។
អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “គិតត្រឹមចុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ផ្សារទំនើប នឹងមានចំនួន១៩ម៉ឺនម៉ែត្រការ៉េ ដោយភាគច្រើននៃការផ្គត់ផ្គង់ថ្មីនេះបានមកពីផ្សារទំនើបធំៗ ចំនួនពីរនៅភាគខាងត្បូង គឺ ផ្សារទំនើប AEON 3 និងផ្សារទំនើបជីបម៉ុង Mega Mall 271”។
លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការផ្គត់ផ្គង់ផ្សារទំនើបមានចំនួនច្រើន ដោយសារតែមានតម្រូវការច្រើន ប៉ុន្តែនៅក្នុងសម័យឌីជីថល ការតាំងលក់ទំនិញតាមអនឡាញ អាចលក់ដាច់ខ្លាំងជាងការលក់ នៅតាមតូបតាមផ្សារទៀតផង ដែលធ្វើឱ្យការអភិវឌ្ឍផ្សារទំនើបអាចជួបបញ្ហាប្រឈម នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ផ្សារមួយចំនួន ពន្យារពេលអភិវឌ្ឍន៍ ឬធ្វើឱ្យផ្សារមួយចំនួនត្រូវអសកម្ម។
អ្នកជំនាញរូបនេះអះអាងថា បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ាន អំណាចនៃការទិញដូរនៅកម្ពុជានៅមានកម្រិត។ សម្រាប់ខណ្ឌមានជ័យ មានផ្សារទំនើបធំៗចំនួន៣ទីតាំង រួមមាន គម្រោងផ្សារទំនើបជីបម៉ុង ផ្សារទំនើប AEON 3 និងគម្រោងផ្សារទំនើបប៉េងហួត ត្រៀមនឹងដាក់ដំណើរការ។ ក្រោយពេលផ្សារទំនើបទាំង៣នេះ ដាក់ដំណើរការ នឹងធ្វើឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ។
លោកស្រីបន្តថា “ការអភិវឌ្ឍផ្សារទំនើប គួរតែផ្អាកត្រឹមនេះសិន ដោយរង់ចាំមើលស្ថានភាពតម្រូវការ និងកំណើនប្រជាពលរដ្ឋបន្ថែមទៀត ហើយធ្វើយ៉ាងណាឱ្យផ្សារ ដែលមានស្រាប់នេះមានដំណើរការឡើងវិញ ឬមានសកម្មភាពកាន់តែខ្លាំង”៕