សម្ដេចតេជោអំពាវនាវឱ្យប្រជាជនចាកចេញពីចម្ការលោក ខឹម វាសនា និងបញ្ជាឱ្យអាជ្ញាធរត្រៀមមធ្យោបាយដឹកជញ្ជូនប្រជាជនត្រលប់ទៅខេត្តវិញ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាជនចាកចេញពីចម្ការលោក ខឹម វាសនា និងបានដាក់បញ្ជាដល់អភិបាលខេត្តសៀមរាប លោក ទៀ សីហា ឱ្យត្រៀមមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋ ដែលចាញ់បោកលោក ខឹម វាសនា ហើយគ្មានលទ្ធភាពត្រលប់ទៅខេត្តរបស់ពួកគេវិញ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចបានលើកឡើងអំពីវិធានការបិទចម្ការរបស់ លោក ខឹម វាសនា ដែលអាចចេញបានតែចូលមិនបាន ដោយបានថ្លែងថា “ខ្ញុំក៏អំពាវនាវឱ្យពលរដ្ឋនាំគ្នាដើរចេញមក មានឡានចាំដឹក ហើយក៏មានបាយជូនផងដែរ ព្រោះនៅទីនេះចេញបានតែចូលមិនបាន នេះជាបទបញ្ជាសម្រាប់ការអនុវត្ត របស់អាជ្ញាធរនៅទីនោះ ចេញបានតែចូលមិនបាន អញ្ចឹងតើអាចរស់បានប៉ុន្មានថ្ងៃទៀត ព្រឹកនេះបានដឹងហើយថា មានអ្នកចង់ចេញ ប៉ុន្តែមនុស្សជំនិតរបស់ ខឹម វាសនា បានហាមឃាត់គេ មិនឱ្យចេញ”។

សម្តេចតេជោបន្តថា “ប៉ុន្តែខ្ញុំចង់តាំងជាសំណួរថា មានស្បៀងចំនួនប៉ុន្មានសម្រាប់ការតាំងនៅដីនោះ មានទឹកគ្រប់គ្រាន់ទេ មានបង្គន់គ្រប់គ្រាន់ទេ ហើយបើសិនជាឈឺមានពេទ្យគ្រប់គ្រាន់ទេ ជាពិសេសសម័យនេះកូវីដថែមទៀត”។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសន្និដ្ឋានថា លោក ខឹម វាសនា “សរសៃប្រសាទ ឬមិនគ្រប់ទឹក” គឺជារឿងប្រមាថមួយ។ ទោះជាយ៉ាងណា សម្តេចបានមើលឃើញថា អ្វីដែល លោក ខឹម វាសនា យកមកធ្វើនយោបាយនាពេលនេះ នឹងធ្វើឱ្យអ្នកគាំទ្រគាត់បាត់ជំនឿតែម្តង។

សម្តេចបញ្ជាក់ថា “មួយចាននេះគាត់លេងដោយយករឿងរ៉ាវ អបិយជំនឿយកមកដាក់បែបនេះ គាត់នឹងចាញ់ នោះប្រសិនបើអត់មានអ្វីកើតឡើងដូចគាត់គិត គាត់និយាយថា “ពិភពលោកនឹងស្លាប់ ដោយសារស៊ូណាមិ ដោយសាររញ្ជួយដី ដោយសារស្អីៗ” វាអត់កើតដូចអញ្ចឹងមែន គឺបានសេចក្តីថា មនុស្សដែលធ្លាប់ជឿ ឬនៅមានសមានចិត្តខ្លះជាមួយខឹម វាសនា ឬអ្នកដែលជឿខឹមវាសនា អាចនឹងត្រូវចប់ ព្រោះ គាត់និយាយអត់ពិត”។

នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿង និងទី២ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯក៕

LEAVE A REPLY

Please enter your comment!
Please enter your name here