ឡាវជួបវិបត្តិអតិផរណាហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់៣០ភាគរយ

0

សុខុម

 

វៀងចន្ទន៍: ប្រទេសឡាវ នៅពេលនេះកំពុងជួបវិបត្តិអតិផរណាហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មាន ជាប្រវត្តិសាស្ត្ររហូតដល់៣០% ក្នុងខែសីហាកន្លងទៅ។ នេះបើយោងតាមតួលេខចុងក្រោយពីការិយាល័យជាតិស្ថិតិឡាវ។

សារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែកញ្ញាថា អត្រាអតិផរណាសម្រាប់ខែសីហា ត្រូវបានរាយការណ៍ថា ឈានរហូតដល់៣០% ដោយកើនឡើង២,៥% បើធៀបនឹង២៧,៥%ក្នុងខែកក្កដា។

ថ្លៃចំណីអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានហក់ឡើងដល់ទៅ៣០,២% រួមទាំង ស្បៀងអាហារសំខាន់ៗដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្ករ ម្សៅដំឡូង សាច់ ខ្លាញ់ ប្រេងបន្លែ ផ្លែឈើ និងបន្លែជាដើម។

ថ្លៃដឹកជញ្ជូនបានហក់ឡើង៥១,៧% ដោយរថយន្ត និងគ្រឿងបន្លាស់កាន់តែហក់ឡើងថ្លៃ ដោយសារតែអត្រាប្តូរប្រាក់ធ្លាក់ចុះទាប។ តម្លៃប្រេងឥន្ធនៈក៏បានឡើងថ្លៃផងដែរ ក្នុងពេលថ្មីៗនេះ ដែលបណ្ដាលឱ្យពលរដ្ឋជួបការលំបាកកាន់តែខ្លាំង។

លើសពីនេះ តម្លៃលំនៅដ្ឋាន អគ្គិសនី ការផ្គត់ផ្គង់ទឹក និងប្រេងឆា ក៏បានហក់ឡើង២០,៥%ផងដែរ ដោយសារថ្លៃដែក ស៊ីម៉ងត៍ បេតុង និងឧស្ម័នហ្គាសហក់ឡើងខ្លាំង។

ជាការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចនេះ រដ្ឋាភិបាលឡាវ បានអះអាង និងសន្យាជាថ្មីថា ខ្លួននឹងជៀសឱ្យផុតពីការខកខានទូទាត់បំណុល ដោយបណ្ដាទីភ្នាក់ងារពាក់ព័ន្ធត្រូវបានណែនាំឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ជាតិ។

បណ្ដារដ្ឋមន្ត្រីត្រូវបានណែនាំឱ្យប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាបាននូវការផ្គត់ផ្គង់ឥន្ធនៈជាប់លាប់នៅទូទាំងប្រទេស និងដើម្បីគ្រប់គ្រងអត្រាប្តូរប្រាក់ដែលប្រែប្រួលខ្លាំងឱ្យកាន់តែល្អប្រសើរ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here