ដោយ គង់ សូរិយា
ភ្នំពេញ៖ កម្ពុជាបានកៀងគរធនធានរាជរដ្ឋាភិបាលសម្រេចបានចន្លោះពី១២០០ទៅ១៤០០លានដុល្លារ ដើម្បីយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកឈៀង យ៉ាណារ៉ា រួមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញមកពីក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចស្តីពីប្រជុំកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងភាពជាដៃគូ ឆ្នាំ២០១៩២០២៣ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ។
លោកបន្តថា “កម្ពុជាបានគៀងគរហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការ ជាមធ្យមរក្សាក្នុងទំហំប្រមាណ១២០០ ទៅ១៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នឹងបន្តពង្រឹងក្របខ័ណ្ឌគោលនយោបាយ សម្រាប់គៀរគរធនធានហិរញ្ញប្បទានលើការកិច្ចអភិវឌ្ឍ និងប្រើប្រាស់ដោយប្រសិទ្ធភាព ដើម្បីគាំទ្រគោលដៅអភិវឌ្ឍជាតិ ការកំណត់នូវប្រសិទ្ធភាពនៃការរៀបចំយន្តការភាពជាដៃគូ និងអនុវត្តការប្ដេជ្ញាស្ដីពីស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍ ។
លោកឈៀង យ៉ាណារ៉ាបានបន្តថា “រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៤-២០១៨ នាពេលកន្លងមក ដោយមានការសហការគាំទ្រពីដៃគូអភិវឌ្ឍន៍ទាំងអស់។
លោកបន្តថា “យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពដៃគូឆ្នាំ ២០១៩-២០២៣ នឹងបន្តពង្រឹងយន្តការ និងឧបករណ៍គន្លឹះ សម្រាប់លើកកម្ពស់សមត្ថភាពលើការកិច្ចអភិវឌ្ឍន៍ ក្នុងបរិការណ៍នៃការប្រែប្រួលឆាប់រហ័ស ក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ នឹងបន្តពង្រឹងក្របខ័ណ្ឌគោលនយោបាយ សម្រាប់គៀរគរធនធានហិរញ្ញប្បទានដល់កិច្ចអភិវឌ្ឍន៍ និងប្រើប្រាស់ដោយប្រសិទ្ធភាព ដើម្បីគាំទ្រគោលដៅអភិវឌ្ឍជាតិ ការកំណត់នូវប្រសិទ្ធភាព នៃការរៀបចំយន្តការភាពជាដៃគូ ដើម្បីតម្រឹមការគាំទ្រនានា ជាមួយអាទិភាពជាតិ និងអនុវត្តន៍ការប្ដេជ្ញា ស្ដីពីស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍សកល ស្ដីពីភាពស័ក្កិសិទ្ធិក្នុងកិច្ចអភិវឌ្ឍក្នុងបរិការណ៍កម្ពុជា៕