ដោយ វុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាបញ្ហាបច្ចេកទេស ក្នុងការតភ្ជាប់បណ្ដាញលូសាធារណៈ ដោយតម្រូវឱ្យឆ្លងកាត់អាងស៊ិបទិច ឬគ្មានអាងស៊ិបទិច ក្នុងតំបន់ដែលមានប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មត្រឹមត្រូវ ព្រមទាំងបានពិភាក្សាលើការរៀបចំកញ្ចប់ហិរញ្ញវត្ថុ ប្រកបដោយចីរភាពក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ផងដែរ។
ការសិក្សាលើបញ្ហាបច្ចេកទេសនេះ ស្របទៅនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចសំណង់ផ្ទះល្វែង សណ្ឋាគារ ផ្ទះសំណាក់បុរី ខុនដូរ និងវីឡាកំពុងតែរីកចម្រើនខ្លាំងនៅទូទាំងប្រទេសកម្ពុជា។
លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លក្ខខណ្ឌតភ្ជាប់បណ្ដាញលូសាធារណៈ នៅទី៦ខែធ្នូ ឆ្នាំ២០១៨នេះដោយមានការ ចូលរួមពីតំណាងក្រសួង និងដៃគូពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរនោះបានគូសបញ្ជាក់ថា បច្ចុប្បន្នគម្រោងលូខ្នែងសម្រាប់ប្រមូលយកទឹកសំណល់នៅ ខេត្តសៀមរាប បាននឹងកំពុងសិក្សាដោយក្រុមហ៊ុន SUEZ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍សម្រាប់ទ្វីបអាស៊ី (CDIA) ក្រោមគម្រោងវិនិយោគរបស់ធនាគារពិភពលោក ចំណែកនៅតាមបណ្ដាខេត្តផ្សេងៗទៀត នឹងត្រូវធ្វើឡើងបន្ទាប់ពីការសិក្សានៅខេត្តសៀមរាបបានចប់សព្វគ្រប់។
លោកបន្តថា “គម្រោងលូខ្នែងនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ទៅកាន់ បណ្ដាញលូសាធារណៈ ព្រមទាំងងាយស្រួលក្នុងការគ្រប់គ្រង ថែទាំ និងរក្សាបាននូវអនាម័យល្អ បរិស្ថានស្អាតសម្រាប់ប្រទេសជាតិ”៕