ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនបានបង្ហាញនូវកាលានុវត្តន៍ភាព និងបទដ្ឋានគតិយុត្តិចំនួន៦ដែលផ្តល់គុណសម្បត្តិដល់អ្នកវិនិយោគ មកធ្វើការវិនិយោគនៅកម្ពុជា។
ថ្លែងក្នុងវេទិកាធុរកិច្ចកាលពីរាត្រីថ្ងៃទី៦ ធ្នូ កន្លងមក ក្នុងកំឡុងដំណរើទស្សនកិច្ចរបស់សម្តេចនៅប្រទេសវៀតណាម រយៈពលេពីរថ្ងៃចាប់ពីថ្ងៃទី៧ ដល់៨ធ្នូកន្លងមកនេះ សម្តេចតេជោបានអំពាវនាវឲ្យអ្នកវិនិយោគវៀតណាម មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចបានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា រួមមាន ទី១ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ទី២ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។
ទី៣ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើង នៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។ ទី៤ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី៥ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គ ដែលមានអតិថិជនប្រមាណ២៥០លាននាក់។ ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ៣០០០លាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
និងទី៦ កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ។
សម្តេចតេជោនៅតែបន្តអំពាវនាវ ដល់អ្នកវិនិយោគវៀតណាម ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
ជាមួយគ្នានេះ សម្តេចក៏សូមសូមធានាជូនអ្នកវិនិយោគគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិ-ភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕