អ្នកជំនាញ៖ កំណើនភ្ញៀវទេសចរផ្ទៃក្នុងមិនជួយជំរុញវិស័យអចលនទ្រព្យច្រើននោះទេ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ មានភ្ញៀវទេសចរផ្ទៃក្នុងជាច្រើន បានចេញធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស។

ប៉ុន្តែ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា ការកើនឡើងនៃភ្ញៀវទេសចរផ្ទៃក្នុងមិនសូវជួយច្រើន ដល់វិស័យអចលនទ្រព្យនោះឡើយ។

លោក កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ឃើញថាភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងមានចំនួនច្រើន ទាំងអ្នកមានស្រុកកំណើននៅខេត្តបាត់ដំបងផ្ទាល់ និងភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។

លោកបន្តថា យ៉ាងណាក្ដី កំណើនភ្ញៀវទេសចរនៅក្នុងខេត្តនេះ មិនបានជួយដល់វិស័យអចលនទ្រព្យច្រើននោះទេ ពីព្រោះអ្នកទេសចរទាំងនោះមកតែមួយពេលៗប៉ុណ្ណោះ ដោយពួកគេមិនបានស្វែងរកអចលនទ្រព្យ នៅក្នុងខេត្តបាត់ដំបងឡើយ។ ជាក់ស្ដែង អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តជួបបញ្ហា លក់មិនចេញ ឬលក់បានចំនួនតិចតួចប៉ុណ្ណោះ។

លោកបន្ថែមថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តមួយនេះ មិនថាដីឡូតិ៍ ឬលំនៅឋានជួបប្រទះនឹងការលក់ចេញ បុន្តែជាយុទ្ធសាស្ត្រទីផ្សារ ពួកគេតែងតែបំប៉ោង និងផ្សព្វផ្សាយថា គម្រោងរបស់ខ្លួនជិតអស់ហើយ ឬនៅសល់តែប៉ុន្មានឡូតិ៍ ឬល្វែងទៀតប៉ុណ្ណោះ នឹងអស់ហើយ តែតាមពិតគម្រោងរបស់ពួកគេនៅសល់ច្រើន និងមិនមានអ្នកទិញនោះទេ។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងថា កំណើនភ្ញៀវទេសចរផ្ទៃ ក្នុងនេះនឹងមិនជួយជំរុញ ឱ្យវិស័យអចលនទ្រព្យមានកំណើន ឬមិនជួយឱ្យមានការអភិវឌ្ឍ និងទិញអចលនទ្រព្យច្រើននោះទេ។ អចលនទ្រព្យក្នុងប្រទេសកម្ពុជា គឺពឹងទៅលើជនបរទេស បើសិនជាជនបរទេសមានកំណើនច្រើនឡើងវិញ នោះវិស័យនេះអាចនឹងទទួលបានកំណើន ឬវិវត្តន៍ទៅរកស្ថានភាពមុនកូវីដ១៩បានខ្លះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here