ដោយ: លាងហួរ
សិង្ហបុរី: បរិមាណនៃការជួលផ្ទះល្វែង និងអាផាតម៉ិនឯកជន បានកើនឡើងខ្ពស់ កាលពីខែកញ្ញា ដោយអ្នកវិភាគកត់សម្គាល់ថា ទីផ្សារជួលអាចរងសម្ពាធកាន់តែច្រើន ក្រោយមានវិធានការត្រជាក់ថ្មី។
វិធានការត្រជាក់ថ្មី គឺជាគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលសិង្ហបុរី ដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃលំនៅដ្ឋាន។
ការជួលខុនដូបានកើនឡើង៣,៣ភាគរយ កាលពីខែកញ្ញា ធៀបនឹង៣,២ភាគរយ កាលពីខែសីហា ដោយការជួលនៅក្នុងតំបន់ជាយទីក្រុងមានការកើនឡើង ក្នុងល្បឿនលឿនបំផុត៣,៩ភាគរយ។ នេះជាខែទី២១ជាប់ៗគ្នា នៃកំណើនសម្រាប់ការជួលខុនដូ និងទី២៧សម្រាប់ការជួល ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍(HDB)។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃការស្រាវជ្រាវ និងវិភាគនៅក្រុមហ៊ុនOrangeTee & Tie បាននិយាយថា ទោះបីជាការជួលបានកើនឡើងក៏ដោយ ប៉ុន្តែតម្រូវការនៅតែមានភាពរឹងមាំដដែល។
លោកស្រីបានបន្តថា ជាមួយនឹងជម្រើសលំនៅដ្ឋានតិចតួច អ្នកជួលជាច្រើនបានយល់ព្រមបង់ថ្លៃជួល ដែលស្នើសុំខ្ពស់ជាងនេះ សូម្បីតែអចលនទ្រព្យចាស់ៗ និងផ្ទះ ដែលមិនសូវមានលទ្ធភាពប្រើប្រាស់ក៏មានតម្រូវការ និងអាចទទួលបានតម្លៃជួលគួរឱ្យទាក់ទាញផងដែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ ការជួលខុនដូបានកើនឡើង៣០,៩ភាគរយ ធៀបនឹងខែកញ្ញាឆ្នាំមុន ខណៈការជួលនៅតំបន់ជាយទីក្រុង កើនឡើង៣១,៨ភាគរយ៕