វិភាគៈ ឆ្លងកាត់វិបត្តិ បញ្ហាប្រឈម តើកាលានុវត្តភាពវិស័យសំណង់និងអចលនទ្រព្យកម្ពុជាឆ្នាំ២០២៣នឹងវិវត្តន៍ដូចម្តេច?

0

ដោយៈយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ ទំហំវវិនិយោគក្នុងវិស័យសំណង់ បានដាំក្បាលចុះនៅកម្ពុជា ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ ស្របពេលការរទន្ទឹងលំហូរទុនវិនិយោគពីបរទេស ពិសេសអ្នកវិនិយោគចិននៅតែបន្ត និងគ្មានចម្លើយជាក់លាក់នៅឡើយ។

យ៉ាងណាក្តីឱកាស នឹងកើតមាននៅក្នុងវិបត្តិ ស្របពេលបរិបទ ភូមិ​សាស្រ្តនយោបាយ និងសេដ្ឋកិច្ចកម្ពុជា បានក្លាយជាផ្នែកមួយនៃគំនិតសុទិ​ដ្ឋិនិយមសម្រាប់អ្នកជំនួញកម្ពុជាផងដែរ។

នៅឆ្នាំ២០២៣ ជាពេលវេលាសុទិដ្ឋិនិយមមួយ សម្រាប់អ្នកវិភាគនានា ប៉ុន្តែស្ថានភាពហាក់កាន់តែអស់សង្ឃឹម នៅពេលស្ថាប័នអន្តរជាតិធំៗដូចជា World Bank, IFM បានព្រមានពីហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចពិភពលោកសាជាថ្មី ខណៈរយៈពេលបីឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចពិភពលោក បាន​រងវិបត្តិដោយសារជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

យ៉ាងណាទីផ្សារកម្ពុជា នៅតែមានសុទិដ្ឋិនិយម ដោយសារផែនទីកម្ពុជា នឹងបង្ហាញទៅកាន់ពិភពលោក កាន់តែចែងចាំងម្តងទៀត ខណៈប្រទេសនេះ កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូល មេដឹកនាំាំអាស៊ាននៅចុងឆ្នាំនេះ និងការរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរនៅឆ្នាំ២០២៣ខាងមុខ។

កម្ពុជាប្រៀបដូចសំប៉ាន

       នៅក្នុងវិបត្តិ ឱកាសអាចកើតមានឡើងផងដែរ ពិសេសសម្រាប់កម្ពុជា ដោយសារប្រទេសនេះ ប្រៀបបាននឹងសំប៉ានតូចមួយ ដែលអាចរសាត់តាន​កប៉ាល់យក្សមួយ និងអាចរងរលកតូចៗ ជាជាងប្រឈមនឹងរលកធំៗ ដែលអាចឲ្យសំប៉ានក្រឡាប់បាន។

ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងការត្រៀមចូលជាធរមាននៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េនាពេលខាងមុខ បាននិងកំពុងផ្តល់កាលានុវត្តន៍ភាពសំខាន់ លំហូរពាណិជ្ជកម្ម ដែលនឹងជួយជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះមានដំណឹងល្អមួយ គឺសេដ្ឋកិច្ចកម្ពុជាអាចរំពឹងនឹងមាន​កំនើនវិជ្ជមាន ដោយរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិធំៗដូចជា ADB, World Bank, IMFជាដើមបានបបង្ហាញថា​សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើនក្នុងរង្វង់៥,៤ភាគរយ នៅឆ្នាំនេះ និងអាចសម្រេចបានកំណើន៦ភាគរយនៅឆ្នាំក្រោយ។

ការជួបរលកតូចៗ ជាមួយនឹងខ្យល់បក់ ក៏អាចរួមចំណែកជួយដល់សំប៉ានមួយនេះ អាចបោះពួយលយលឿនទៅមុខផងដែរ ពិសេសវិស័យអចលនទ្រព្យ ដែលមូលដ្ឋានគ្រឹះនៃទីផ្សារនៅតែមានភាពរ៉ឹងមាំ ឱកាសចំណេញ និងតម្រូវការខ្ពស់ ដោយសារប្រទេសនេះមានប្រជាជនវ័យក្មេងអាយុ៤០ឆ្នាំចុះប្រមាណ១០លាននាក់។

ពិភពលោកសម្លឹងមកកម្ពុជា

       សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានត្រៀមនាឡិកាម៉ាកអាស៊ានចំនួន២៥គ្រឧងររួចហើយ សម្រាប់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកដទៃទៀត ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខនេះ។

ការមកដល់នៃមេដឹកនាំពិភពលោកនៅកម្ពុជា នឹងធ្វើឲ្យកិត្យានុភាពកម្ពុជារះត្រដែតឡើងជាថ្មីលើឆាកអន្តរជាតិ ដែលវានឹងផ្តល់ផលចំណេញលកាន់តែច្រើនដល់ប្រទេសនេះ ទី១ គេស្គាល់កម្ពុជា ជាដែនដីនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ទី២ គេស្គាល់កម្ពុជា មានមេដឹកនាំដែលមានភាពឆ្លាតវាងវៃ ដែលបានដឹកនាំសេដ្ឋកិច្ចទទួលបានកំនើនខ្ពស់ ទី៣ អ្នកវិនិយោគអន្តរជាតិ នឹងសម្លឹងមកកាន់កម្ពុជា ដោយសារប្រទេសនេះទទួលបាន​ផលចំណេញពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសក្នុងតំបន់ ទី៤ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែច្រើននាពេលអនាគត និងទី៥ កម្ពុជាចំណេញប្រាប់រាប់រយលានដុល្លារ ដោយមិនចាំបាច់ចំណាយ​លុយផ្សាយពាណិជ្ជកម្ម។

កម្ពុជាបាននិងកំពុងរៀបចំ និងរាប់ថយក្រោយឆ្ពោះទៅកាន់ ព្រឹត្តិការ​ណ៍ដ៏ធំស៊ីហ្គេម នឹងធ្វើឲ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ ជាមួយនឹងការមកដល់របស់កីឡាករ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់នឹងចូលរួមអមអរសាទរ និងរីករាយក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលកម្ពុជាមិនធ្លាប់បានប្រារពកន្លងមក។

ការបោះឆ្នោតជាមួយលទ្ឋផលវិជ្ជមាន

       ការបោះឆ្នោតជ្រើសរើតំណាងរាស្រ្តនាពេលខាងមុខ លែងជាបញ្ហាគួរឲ្យបារម្ភទៀតហើយ ដោយសារប្រទេសនេះសម្រេចបាននូវវិបុលភាពសង្គម និងកំពុងមានស្ថេរភាពនយោបាយរយៈពេលវែង ដោយសាររលកឬព្យុះនយោបាយហាក់ត្រូវបានផុតរលត់ពីសៃវៀននយោបាយនៅកម្ពុជា។

ការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ក៏ជាព្រឹត្តិការណ៍ធំមួយទៀត ដែលកម្ពុជានឹងបង្ហាញពិភពលោក ពីភាពចាស់ទុំខាងនយោ​បាយរបស់ខ្លួន ពិសេសការដើរត្រឹមត្រូវលើគន្លងប្រជាធិបតេយ្យមួយ ស្របតាមបរិបទសង្គម វប្បធ៌មកម្ពុជា។

ជាមួយនឹងលក្ខខ័ណ្ឌអំណោយផលនៃប្រជាសាស្រ្ត (ប្រជាជនវ័យក្មេងច្រើន) តម្លៃអចលនទ្រព្យមានតម្លៃទាប ស្ថេរភាពនយោបាយ និងកំនើន​សេដ្ឋកិច្ចរ៉ឹងមាំ បានធ្វើឲ្យកម្ពុជាមានឱកាសទាក់ទាញ ការវិនិយោគពីអន្តរជាតិកាន់តែច្រើននាពេលអនាគត ដោយសារផលចំណេញពីការវិនិយោគនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់។

កំណែទម្រង់ច្បាប់

       នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលបានអនុម័តច្បាប់ជាច្រើន ក្នុងនោះច្បាប់ដែលមានភាពលេចធ្លោជាងគេ គឺច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុឃា ដែលច្បាប់នេះមានមាត្រាជាច្រើន បានលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

នេះជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកំពស់បរិយាកាសវិនិយោគ និងធ្វើឲ្យបរិស្ថានវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលតាមពិតបរិយាកាសវិនិយោគ មូលដ្ឋានច្បាប់បទដ្ឋានគតិយុត្តិរ៉ឹងមាំ ការលើកទឹកចិត្ត កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែង ឱកាសចំណេញ និងសក្តានុពលប្រជាជនវ័យក្មេងច្រើន ជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកំពស់បរិយាកាសវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យកាន់តែប្រសើរឡើងនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here