ដោយវុត្ថា
ភ្នំពេញ : អាជ្ញាធរខេត្តព្រះវិហារ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍រយ:ពេល៥ឆ្នាំខាងមុខ ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ ក្នុងគោលដៅទាក់ទាញទេសចរណ៍ ឲ្យមកលេងខេត្តទិសពាយ័ព្យមួយនេះអោយ បានកាន់តែច្រើនបន្ថែមទៀត ខណៈការកំណើនទេសចរណ៍នៅក្នុងខេត្តនេះនៅមានកម្រិតនៅឡើយ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងមកបានឲ្យដឹងថា ការពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍ខេត្តព្រះវិហារ រយ:ពេល៥ឆ្នាំ( ២០១៩-២០២៣ ) ដើម្បីលើកឡើងពីទស្សនវិស័យ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះទៅរកការកសាងផែនការជាគោលដៅទេសចរណ៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
លោកបន្តថា “យើងត្រូវសម្រួលការធ្វើដំណើរ និងពង្រីកការតភ្ជាប់ក្នុងនិងក្រៅតំបន់ឆ្ពោះទៅរកការបង្កើត វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពិសេសអ្វីសំខាន់ទាក់ទងនិង ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ ផ្នែកនៃសេវាសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានតំបន់ ទេសចរណ៍ ព្រមទាំងសេវាផ្សេងៗទៀតជាច្រើន”។
លោកអ៊ុន ចាន់ដាបានបន្តទៀតថា ចំណែកការពង្រឹងគុណភាពទេសចរណ៍ ដែលត្រូវសម្រួលសេវានានា ដល់ភ្ញៀវទេសចរឱ្យមានស្តង់ដារ ស្តង់ដារសណ្ឋាគារបៃតង ស្តង់ដារទីក្រុងស្អាត ស្តង់ដារស្ប៉ា ស្តង់ដារផ្ទះស្នាក់ ស្តង់ដារបង្គន់សាធារណៈ និងស្តង់ដារសហគមន៍ទេសចរណ៍។ ខេត្តត្រូវឱ្យមានផលិតផលទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ទេសចរណ៍សហគមន៍ឱ្យបានច្រើន ថ្មីក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍ ឆ្នាំ(២០១៩-២០២៣)។

ដោយឡែកក្រៅពីការរត់ឱ្យទាន់ស្តង់ដារនៅក្នុងតំបន់ ក៏មានយុទ្ធសាស្ត្រនានាដាច់ដោយឡែក ដើម្បីរកគន្លឹះទាក់ទាញភ្ញៀវទេសចរឱ្យហូរចូលមកលេងខេត្តព្រះវិហារកាន់តែច្រើនផងដែរ។
លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ខេត្តព្រះវិហារសម្បូរទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិជាច្រើនរួចស្រាប់ទៅហើយ ហើយយើងក៏បានធ្វើអភិរក្ស និងបន្ថែមសេវាងាយស្រួលជាច្រើនបន្តបន្ទាប់ផងដែរ។ ប៉ុន្តែយ៉ាងណា ដើម្បីបន្ថែមចំណីចក្ខុ ខេត្តក៏មានគម្រោងពិសេសៗជាច្រើនផងដែរនៅពេលខាងមុខ ដូចជា នៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងតំបន់ទឹកធ្នាក់សុភមិត្តកំពង់ស្រឡៅជាដើម។ នៅពេលនេះ យើងកំពុងព្យាយាមធ្វើយ៉ាងណាឱ្យខេត្តព្រះវិហារ ក្លាយជាចំណុចគោលដៅទេសចរណ៍ ជាមួយនឹងសេវាល្អបំផុត។ អ៊ីចឹងហើយបានជាយើងព្យាយាម ជំរុញឱ្យមានការតភ្ជាប់ជាមួយគ្នាគ្រប់ទស្សនវិស័យទាំងអស់ ដែលពាក់ព័ន្ធ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅក្នុងឆ្នាំកន្លង មកខេត្តទទួលបានទេសចរប្រមាណ៤០ម៉ឺននាក់ ហើយឆ្នាំ២០១៨នេះ ទទួលប្រមាណជាង៤៦ម៉ឺននាក់។ តាមការរំពឹងទុកខេត្តព្រះវិហារនៅឆ្នាំ២០២៣ អាចនឹងទទួលបានភ្ញៀវទេសចរទ្វេរដង៕