ដោយៈ សុខុម
ហាណូយ: ក្រុមអ្នកជំនាញលើកឡើងថា ការលំបាកនានាពាក់ព័ន្ធប្រាក់កម្ចីធនាគារ និងការហក់ឡើងថ្លៃខ្ពស់ កំពុងទាញឱ្យទីផ្សារអចលនទ្រព្យវៀតណាម ដាំក្បាលចុះ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា។
លោក Nguyễn Hồng Thắng នាយករងក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យ R&D at DKRA Group បានលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអតិផរណាទូទាំងពិភពលោក ការរឹតបន្តឹងឥណទាន ការផ្គត់ផ្គង់អចលនទ្រព្យមានកម្រិត និងតម្លៃចេះតែហក់ឡើងខ្ពស់ គឺជាបញ្ហាប្រឈមចម្បងៗ សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
អ្នកជំនាញរូបនេះ បានថ្លែងក្នុងវេទិកាស្ដីពី ការផ្គត់ផ្គង់អចលនទ្រព្យនៅទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ ទី២៨ ខែតុលាថា សរាចរណ៍ណែនាំរបស់ធនាគារកណ្ដាលវៀតណាម ដើម្បីរឹតបន្តឹងហានិភ័យអចលនទ្រព្យឱ្យបានតឹងរុឹង បានដាក់សម្ពាធយ៉ាងខ្លាំង ទាំងទៅលើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកទិញ។
លោកបានព្រមានថា “ទីផ្សារអចលនទ្រព្យវៀតណាម នឹងដាំក្បាលចុះកាន់តែធ្ងន់”។
នៅឆ្នាំនេះការផ្គត់ផ្គង់ថ្មីៗ មានកម្រិតក្នុងទីផ្សារអចលនទ្រព្យ នៅទីក្រុងហូជីមិញ ដែលភាគច្រើនចេញពីគម្រោងតូចៗ ក្នុងសង្កាត់ជាយក្រុង ដូចជាសង្កាត់ Củ Chi សង្កាត់ Hóc Môn និងសង្កាត់ Nhà Bè ជាដើម។
លោក Nguyễn Hồng Thắng បានធ្វើការកត់សម្គាល់ថា អត្រាស្រូបទាញបានធ្លាក់ចុះទាប ចាប់តាំងពីពេលកណ្ដាលត្រីមាសទី២ មក។
លោកបានអំពាវនាវឱ្យអាជ្ញាធរក្រុង ពន្លឿនការធ្វើកំណែទម្រង់នីតិវិធីផ្ដល់អាជ្ញាប័ណ្ណ សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា។
លោកបន្ថែមទៀតថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវការសម្លឹងមើលអ្វីលើសពីប្រាក់កម្ចីធនាគារ និងសម្លឹងរកប្រភពមូលធនផ្សេងទៀត ដូចជា មូលនិធិវិនិយោគបរទេស និងមូលបត្របំណុលជាដើម។
លោក Lê Hoàng Châu ប្រធានសមាគមអចលនទ្រព្យក្រុងហូជីមិញ បានបន្ទោសទៅលើឧបសគ្គផ្លូវច្បាប់ ដែលធ្វើឱ្យការអនុវត្តគម្រោងអចលនទ្រព្យមានការយឺតយ៉ាវ និងធ្វើឱ្យការផ្គត់ផ្គង់ថ្មីៗមានកម្រិត។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា គម្រោងអចលនទ្រព្យជាង១០០គម្រោង ត្រូវបានពន្យារពេលដោយសារឧបសគ្គផ្លូវច្បាប់៕ Vietnam News៕